ប្រជាពលរដ្ឋរស់នៅក្នុងស្រុក Vadodara រដ្ឋ Gujarat ប្រទេសឥណ្ឌា មានក្តីកង្វល់ខ្លាំងពីការរីករាលដាលជំងឺអាសន្នរោគ ពេលដែលទឹកចាប់ផ្តើមស្រកទៅវិញកាលពីថ្ងៃអាទិត្យ ។
ដីល្បាប់ គំនរសំរាម និងភក់ ត្រូវបានមើលឃើញនៅទូទាំងស្រុក ក្រោយទឹកជំនន់ ស្របពេលដែលភ្លៀងនៅតែបន្តបង្អុរចុះនៅតាមតំបន់មួយចំនួន ។
មន្រ្តីសង្គមស៊ីវិល បានព្រមានពីជំងឺឆ្លងធ្ងន់ធ្ងរ ដូចជាជំងឺអាសន្នរោគជាដើម ។
ភ្លៀងធ្លាក់ខ្លាំង បង្កឡើដោយសារខ្យល់ព្យុះស៊ីក្លូន បានវាយប្រហាររដ្ឋ Gujarat កាលពីសប្តាហ៍មុន ដោយបានសម្លាប់មនុស្សយ៉ាងហោច ២៩នាក់ និងមនុស្សរាប់ម៉ឺននាក់ផ្សេងទៀត ជម្លៀសខ្លួន ។
ខណៈពេលនោះដែរ ពលរដ្ឋរស់នៅក្នុងទីក្រុង Vijayawada រដ្ឋធានីរដ្ឋភាគខាងត្បូង Andhra Pradesh ប្រទេសឥណ្ឌា បានជាប់ខ្លួននៅថ្ងៃចន្ទនេះ ក្រោយទឹកជំនន់ដ៏គំហក់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានជន់លិចតំបន់ជាច្រើន ហើយក្រុមមន្រ្តីបានអះអាងថា មនុស្សយ៉ាងហោច ២៧នាក់ បានស្លាប់ក្នុងទឹកជំនន់នៅរដ្ឋ Telangana និងរដ្ឋ Andhra Pradesh ។
សូមបញ្ជាក់ថា ទឹកជំនន់សម្លាប់មនុស្ស បានក្លាយជារឿងធម្មតាទៅហើយនៅក្នុងប្រទេសឥណ្ឌា អំឡុងរដូវវស្សា ៕