សិស្ស គ្រូបង្រៀន និងឪពុកម្តាយរាប់ពាន់នាក់ បានចេញតវ៉ាកាលពីថ្ងៃច័ន្ទ នៅទីក្រុង Budapest ប្រទេសហុងគ្រី ប្រឆាំងទៅនឹងការបណ្តេញនាយកសាលាចេញ ជាអ្នកដែលបានរិះគន់ការសម្រេច របស់រដ្ឋាភិបាលក្នុងការហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងសាលារៀន។

ពួកគេបានទាមទារឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លាលែងពីតំណែង ជាអ្នកដែលបានបណ្តេញនាយកវិទ្យាល័យ ម៉ាដាច អ៊ីមរ៉េ(Madach Imre) ចេញ។

លោក Csaba Meszaros ជានាយកសាលារយៈពេល២៤ឆ្នាំមកហើយ ត្រូវបានបណ្តេញចេញពីការងារដោយសារតែការប្រឆាំងទៅនឹងក្រឹត្យថ្មីរបស់រដ្ឋាភិបាលដែលហាមប្រាមទូរស័ព្ទ និងឧបករណ៍ឆ្លាតវៃ នៅក្នុងថ្នាក់រៀន។ ក្រឹត្យនេះ បានចូលជាធរមានកាលពីថ្ងៃច័ន្ទ ទី២ ខែកញ្ញា ដោយនិយាយថាសិស្ស ត្រូវតែប្រគល់ទូរស័ព្ទរបស់ពួកគេ រហូតដល់ចុងបញ្ចប់នៃពេលសិក្សា ដោយលើកឡើងពីការរំខាន ថាជាហេតុផល។
លោក Meszaros និងបុគ្គលិករបស់លោក បានប្រកាសថា ពួកគេនឹងបន្តប្រើប្រាស់ទូរស័ព្ទ សម្រាប់ការបង្រៀនបែបឌីជីថល ប៉ុន្តែនឹងអនុវត្តគោលការណ៍ប្រើប្រាស់តឹងរ៉ឹងជាងមុន។
ជាការឆ្លើយតបទៅនឹងការកើនឡើងនៃការព្រួយបារម្ភអំពីការប្រើប្រាស់ទូរស័ព្ទ ប្រទេសហុងគ្រី បានចូលរួមជាមួយបណ្តាប្រទេសសហភាពអឺរ៉ុបផ្សេងទៀត ដែលគ្រប់គ្រងការប្រើប្រាស់ទូរស័ព្ទនៅតាមសាលារៀនរបស់ពួកគេ។
ប្រទេសបារាំង កំពុងសាកល្បងបម្រាមសម្រាប់សិស្សមានអាយុក្រោម១៥ឆ្នាំ ខណៈប្រទេសក្រិក តម្រូវឱ្យទុកទូរស័ព្ទក្នុងកាបូប អំឡុងពេលរៀន ចាប់ពីឆ្នាំសិក្សាថ្មី នេះ។