សេវាអាកាសធាតុចិន បាននិយាយថាផ្នែកភាគច្រើននៃប្រទេសចិន បានកត់ត្រាខែសីហា ជាក្តៅបំផុតក្នុងកំណត់ត្រា ខណៈអាជ្ញាធរជប៉ុន បានប្រកាសថាឆ្នាំ២០២៤ គឺជារដូវក្តៅដ៏ក្តៅបំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើម។

សេវាអាកាសធាតុរបស់ចិនបាននិយាយនៅក្នុងអត្ថបទមួយដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ (០១ កញ្ញា) ថា សីតុណ្ហភាពខ្យល់ជាមធ្យមកាលពីខែសីហា នៅក្នុងខេត្ត តំបន់ និងទីក្រុងចំនួន៨ ដោយរួមមានក្រុងសៀងហៃ (Shanghai) ខេត្តជាំងស៊ូ (Jiangsu) ហឺប៉ី (Hebei) ហៃណាន (Hainan) ជីលីន (Jilin) ឡាវនីង (Liaoning) និងសានតុង (Shandong) ក៏ដូចជាតំបន់ភាគពាយ័ព្យស៊ីនជាំង (Xinjiang) «បានជាប់ចំណាត់ថ្នាក់ក្តៅបំផុតធៀបនឹងរយៈពេលដូចគ្នា» ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើម។

អ្នកវិទ្យាសាស្ត្រអាកាសធាតុបានព្យាកររួចហើយថា ឆ្នាំ២០២៤នឹងក្លាយជាឆ្នាំក្តៅបំផុតក្នុងកំណត់ត្រាសម្រាប់ផែនដីដោយសារតែការឡើងកម្ដៅឥតឈប់ឈរ។ កម្ដៅដ៏ខ្លាំងក្លាបានវាយលុកអាស៊ីបូព៌ាជាច្រើនក្នុងរដូវក្តៅនេះ ដោយជប៉ុនបាននិយាយកាលពីថ្ងៃចន្ទថា សីតុណ្ហភាពជាមធ្យមរយៈពេលវែងរបស់ខ្លួននៅចន្លោះខែមិថុនា ដល់ខែសីហា គឺនៅកម្រិត ១,៧៦អង្សាសេលើសពីតម្លៃស្តង់ដារ ដែលជាតួលេខរួមខ្ពស់បំផុតចាប់តាំងពីស្ថិតិបានចាប់ផ្តើមក្នុងឆ្នាំ១៨៩៨មក។
កំណើនសីតុណ្ហភាពពិភពលោកក៏ធ្វើឱ្យអាកាសធាតុធ្ងន់ធ្ងរកាន់តែញឹកញាប់ និងខ្លាំងឡើង ដោយចិនបានមើលឃើញរដូវក្តៅដែលមានអាកាសធាតុលើសកម្រិត ខណៈអាជ្ញាធរមូលដ្ឋាននៅភាគកណ្តាលទីក្រុងតូក្យូ របស់ជប៉ុន និយាយថា មនុស្សជាង ១២០នាក់បានស្លាប់ដោយសារជំងឺសុរិយរោគ (ថប់ដង្ហើមសន្លប់ដោយសារកម្ដៅខ្លាំង) ក្នុងខែកក្កដា៕