ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ និងជាប្រធានគ្រប់គ្រងមណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ ពហុកីឡដ្ឋានជាតិអូឡាំពិក ប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី១៨ ខែកញ្ញានេះថា ក្នុងមួយថ្ងៃមានអ្នកជំងឺកូវីដ-១៩ ចន្លោះពី៥០នាក់ ទៅ១០០នាក់ បន្តចូលមកសម្រាកព្យាបាលជំងឺនៅមណ្ឌលស្តាតអូឡាំពិក ក្នុងនោះរកឃើញកូវីដ-១៩ បំប្លែងថ្មី ប្រភេទដែលតា(Delta)។
លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានបន្តទៀតថា ថ្វីត្បិតតែចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ មួយរយៈចុងក្រោយបានកើនឡើងបន្តិច ប៉ុន្តែចំនួនអ្នកជំងឺកូវីដ-១៩ ដែលចូលមកសម្រាកព្យាបាលនៅមណ្ឌលថែទាំព្យាបាលកូវីដ-១៩ ពហុកីឡដ្ឋានជាតិអូឡាំពិក ក៏មិនមានអ្នកជំងឺចូលមកច្រើនដែរ។
លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានបញ្ជាក់ទៀតថា ក្នុងចំណោមអ្នកជំងឺដែលចូលមកព្យាបាលកូវីដ-១៩ នៅមណ្ឌលថែទាំព្យាបាលកូវីដ-១៩ ពហុឡីដ្ឋានជាតិអូឡាំពិក បានរកឃើញអ្នកជំងឺកូវីដ-១៩បំប្លែងថ្មី ប្រភេទដែលតា (Delta) ស្ទើពាក់កណ្តាល នៃចំនួនអ្នកជំងឺដែលបានចូលមក។ ប៉ុន្តែចំនួនខាងលើនេះ នាពេល ខាងមុខ យើងមិនទាន់អាចសន្និដ្ឋានបានយ៉ាងណានោះទេ ហើយករណីធ្ងន់ក៏មិនមានចំនួនច្រើននោះដែរ។
ទន្ទឹមនឹងនោះមណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ ពហុកីឡដ្ឋានជាតិអូឡាំពិក បានត្រៀមជាស្រេច នៅសម្ភារៈ បរិក្ខារវេជ្ជសាស្រ្ត ក្រុមការងារគ្រូពេទ្យ និងក្រុមបំរើសេវាកម្មផ្សេងៗ ប្រសិនបើមានបញ្ហាបន្ទាន់ណាមួយកើតឡើង យើងរៀបចំចាត់ចែងបានភ្លាមៗ។ ដោយគិតត្រឹមព្រឹកនេះ គ្រែសម្រាប់ទទួលអ្នកជំងឺ ឲ្យចូលមកសម្រាកព្យាបាលកូវីដ-១៩ មានចំនួន៤០០០គ្រែ និងត្រៀម៨០០គ្រែទៀត ដើម្បីរៀបចំដាក់បន្ថែម។ ប៉ុន្តែបើទោះជាមានអ្នកជំងឺកើន គឺមណ្ឌលថែទាំព្យាបាលកូវីដ-១៩ ពហុកីឡដ្ឋានជាតិអូឡាំពិក អាចគ្រប់គ្រងបាន៕
អត្ថបទ រដ្ឋា