ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយកាលពីថ្ងៃចន្ទ (០២ កញ្ញា) ថាកងកម្លាំងរុស្ស៊ី កំពុងវាយរុលទៅមុខយ៉ាងលឿននៅភាគខាងកើតអ៊ុយក្រែន ជាងការដែលពួកគេបានធ្វើអស់រយៈពេលជាយូរ ដោយដណ្ដើមបានទឹកដីរាប់គីឡូម៉ែត្រក្រឡាក្នុងមួយថ្ងៃ ខណៈកងកម្លាំងរបស់ទីក្រុងមូស្គូ បានព្យាយាមវាយលុកតាមខ្សែការពាររបស់អ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelenskiy) បានទទួលស្គាល់ស្ថានភាពលំបាកនៅភាគខាងកើត ជាពិសេសនៅជិតទីក្រុង ផុករ៉ូវស្ក៍ (Pokrovsk) ប៉ុន្តែនិយាយថា យោធារបស់រុស្ស៊ី មិនបានវាយរុលបន្ថែមទៀតទេក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។

លោក ពូទីន បាននិយាយក្នុងព្រឹត្តិការណ៍មួយថា «កងកម្លាំងប្រដាប់អាវុធរុស្ស៊ី កំពុងវាយរុលក្នុងល្បឿនដែលមិនធ្លាប់មានពីមុនមកនៅតំបន់ ដុនបាស (Donbas)។ ទាហានកំពុងនាំយកទឹកដីជាច្រើនមកក្រោមការគ្រប់គ្រង ហើយតួលេខនោះមិនមែនប៉ុន្មានរយម៉ែត្រទេ ប៉ុន្តែគឺរាប់គីឡូម៉ែត្រក្រឡា»។
កងកម្លាំងរុស្ស៊ី ដែលគ្រប់គ្រងទឹកដី ១៨ភាគរយរបស់អ៊ុយក្រែន បាននិងកំពុងវាយរុលនៅភាគខាងកើត ចាប់តាំងពីបរាជ័យនៃការវាយបកនៅឆ្នាំ២០២៣ របស់ទីក្រុងគីវ។ ទោះបីជាមានការវាយលុករបស់អ៊ុយក្រែន ចូលទៅក្នុងតំបន់ព្រំដែន ឃើស (Kursk) ភាគខាងត្បូងរបស់រុស្ស៊ីក៏ដោយ កងទ័ពទីក្រុងមូស្គូដ៏ច្រើន បាននិងកំពុងរុញច្រានកងកម្លាំងទីក្រុងគីវនៅតំបន់ឈរជើងភាគខាងកើត តាមផ្លូវដឹកជញ្ជូនដ៏សំខាន់គឺទីក្រុង Pokrovsk របស់អ៊ុយក្រែន៕