ព្យុះត្រូពិកដ៏កំណាចមួយបានបង្កឱ្យមានទឹកជំនន់ និងបំណាក់ដី ឆក់យកជីវិតមនុស្សរហូតដល់ ១៤នាក់ ក្រោយមានអ្នកស្លាប់ ៩នាក់ កាលពីថ្ងៃចន្ទ នៅក្នុងប្រទេសហ្វីលីពីន។

ព្យុះត្រូពិក យ៉ាហ្គី (Yagi) បានវាយប្រហារភាគខាងជើងប្រទេសនេះកាលពីយប់ជ្រៅឈានចូលដល់ថ្ងៃចន្ទដើមសប្ដាហ៍នេះ។ភ្លៀងធ្លាក់ខ្លាំងបានជន់លិចតំបន់ជាច្រើន និងបណ្ដាលឲ្យមានបំណាក់ដី។ សារព័ត៌មាន Newswire បាននិយាយថាចំនួនអ្នកស្លាប់បានកើនឡើងដល់១៤នាក់ហើយនៅអង្គារនេះ។
ព្យុះកួច និងព្យុះទីហ្វុងធំៗប្រហែល២០ បានវាយប្រហារហ្វីលីពីន ឬដែនទឹកជុំវិញប្រទេសនេះជារៀងរាល់ឆ្នាំ ជាធម្មតានៅចន្លោះចុងខែមិថុនា និងខែតុលា ដោយបានបំផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបានសម្លាប់មនុស្សរាប់សិបនាក់ក្នុងមួយលើកៗ។
ព្យុះកំណាច យ៉ាហ្គី បានបោះពួយឆ្លងកាត់តំបន់ ប៊ីខូល (Bicol) ភាគអាគ្នេយ៍នៃរដ្ឋធានីម៉ានីល កាលពីយប់ជ្រៅរំលងអធ្រាត្រថ្ងៃអាទិត្យ ។
សាលារៀន និងការិយាល័យរដ្ឋាភិបាលនៅទូទាំងទីក្រុងម៉ានីល ត្រូវបានបិទជាការប្រុងប្រយ័ត្ន ខណៈសេវានាវាចម្លងនៅក្នុងតំបន់រងផលប៉ះពាល់ត្រូវបានផ្អាក ហើយជើងហោះហើរក្នុងស្រុកចំនួន ២៩ ត្រូវបានលុបចោល។
មន្ត្រីព័ត៌មានទីក្រុងបានប្រាប់សារព័ត៌មាន AFP ថា មនុស្ស ៣ នាក់ រួមទាំងស្ត្រីមានផ្ទៃពោះម្នាក់បានស្លាប់ នៅក្នុងបំណាក់ដីនៅទីក្រុង អង់ទីប៉ូឡូ (Antipolo)ជាយរដ្ឋធានីម៉ានីល។ សាកសពមនុស្សបួននាក់ផ្សេងទៀតដែលជាជនរងគ្រោះលង់ទឹកទាំងអស់ ក៏ត្រូវបានរកឃើញផងដែរកាលពីថ្ងៃចន្ទ៕