សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាមានមោទនភាពយ៉ាងក្រៃលែង និងបានបន្តថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេសដែលបាននិងកំពុងបន្តចូលរួមគាំទ្រមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននៅភូមិភាគឦសានយ៉ាងសស្រាក់សស្រាំ។
តបទៅនឹងទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់ជនរួមជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបន្តចេញលិខិតថ្លែងអំណរគុណដល់ជនរួមជាតិដោយសេចក្តីសោមនស្សរីករាយ។
ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសម្តេចផ្ទាល់ សម្តេចបានថ្លែងអំណរគុណចំពោះសន្តានចិត្តរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលបានចូលរួមនូវថវិកាដោយស្ម័គ្រចិត្ត ក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ។ សម្តេចបានកោតសរសើរដោយស្មោះ ចំពោះកាយវិការ និងមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តម សរបញ្ជាក់អំពីធ្លុងមហាសាមគ្គី ស្មារតីជាតិខ្មែរតែមួយ ដើម្បីសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី រួមទាំងការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឲ្យបានកាន់តែរឹងមាំប្រកបដោយ ចីរភាព។
ជាមួយទឹកចិត្តដ៏ថ្លៃថ្លានេះ សម្តេចបានសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា បានជួបប្រទះតែនឹងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៦ ខែសីហា ខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រីបានចេញសេចក្តីជូនដំណឹង ស្តីពី «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយមានខ្លឹមសារថា ខុទ្ទកាល័យ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ សាធារណជន មេត្តាជ្រាបថា៖ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបង្កើតនូវ “មូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាម បណ្តោយព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់ មជ្ឈដ្ឋានក្នុងនិងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលក្នុងបុព្វហេតុរួមគ្នាកសាង និង ការពារមាតុភូមិរបស់យើង៕ អត្ថបទ៖ មុត សុទ្ធ
