យោងតាមបេសកជនជាន់ខ្ពស់របស់ហ្វីលីពីន ប្រទេសនេះ បានសម្តែងការមិនពេញចិត្តចំពោះប្រទេសចិន បន្ទាប់ពីនាវារបស់ពួកគេបានបុកគ្នាម្តងទៀតនៅសមុទ្រចិនខាងត្បូងកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។

លោក អ៊ីនរីក ម៉ាណាឡូ (Enrique Manalo) រដ្ឋលេខាធិការក្រសួងការបរទេសរបស់ទីក្រុងម៉ានីលបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា យើងបានប្រើវិធីសាស្រ្តចាំបាច់ទៅកាន់ប្រទេសចិន ទាក់ទងនឹងឧបទ្ទវហេតុនានាតាមរយៈមធ្យោបាយផ្សេងៗដើម្បីបង្ហាញពីការតវ៉ា និងការអន់ចិត្តរបស់យើងចំពោះក្រុងប៉េកាំង ។
លោក Manalo បាននិយាយថា ប្រទេសនេះ ក៏មានការព្រួយបារម្ភដែរថា ប្រទេសចិនកំពុងតែបង្កើនភាពតានតឹងជុំវិញអ្វីដែលជាមូលដ្ឋានគ្រាន់តែជាចលនាគ្មានកំហុសដោយនាវាហ្វីលីពីន។

នៅពេលត្រូវបានសួរថាតើវិធានការផ្លូវច្បាប់កំពុងត្រូវបានពិចារណាឬយ៉ាងណានោះ ប្រធានកិច្ចការបរទេសរូបនេះ បាននិយាយថា ពេលនេះរដ្ឋាភិបាលកំពុងគិតដល់វិធីសាស្រ្តដែលអាចធ្វើទៅបានចំពោះបញ្ហានេះ។
ចំណែកក្រសួងការបរទេសចិនឯណោះវិញ កាលពីថ្ងៃចន្ទ ទី២ ខែកញ្ញាសប្ដាហ៍នេះដែរ បានជំរុញឱ្យហ្វីលីពីន បញ្ឈប់ជាបន្ទាន់រាល់សកម្មភាពរំលោភបំពាន និងការញុះញង់ ស្របពេលប្រទេសទាំងពីរកំពុងមានជម្លោះដែនទឹកក្នុងសមុទ្រចិនខាងត្បូង។ ការជំរុញ ឬការព្រមានបែបនេះទៅលើហ្វីលីពីន មិនមែនជាលើកទី១ទេ៕