អ្នកស្រាវជ្រាវអាមេរិកពីររូបបាននិយាយថា ពួកគេបានកំណត់ទីតាំងដែលទំនងជាមូលដ្ឋានដាក់ពង្រាយមីស៊ីល 9M370 ប៊ូរ៉េវេស្នីក (9M370 Burevestnik) នៅក្នុងប្រទេសរុស្ស៊ី ដែលជាមីស៊ីលដើរដោយថាមពលនុយក្លេអ៊ែរ និងបំពាក់អាវុធនុយក្លេអ៊ែរថ្មី ដែលត្រូវបានលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) លើកសរសើរថាជាអាវុធ «ដ៏ខ្លាំងក្លាមិនអាចផ្ដួលបាន»។

លោក ពូទីន បាននិយាយថា អាវុធដែលត្រូវអង្គការណាតូ (NATO) ហៅថាមីស៊ីល SSC-X-9 ស្កាយហ្វល (SSC-X-9 Skyfall) នេះមានរយៈចម្ងាយស្ទើរតែគ្មានដែនកំណត់ ហើយអាចគេចពីប្រព័ន្ធការពារមីស៊ីលរបស់អាមេរិកបាន ប៉ុន្តែអ្នកជំនាញលោកខាងលិចមួយចំនួនជំទាស់នឹងការអះអាងនោះ និងតម្លៃយុទ្ធសាស្ត្ររបស់មីស៊ីល Burevestnik នេះ ដោយនិយាយថាសមត្ថភាពនោះអាចឱ្យទីក្រុងមូស្គូ ប្រថុយនឹងគ្រោះមហន្តរាយវិទ្យុសកម្ម។

ដោយប្រើរូបភាពដែលបានថតនៅថ្ងៃទី២៦ ខែកក្កដា ពីក្រុមហ៊ុនផ្កាយរណបពាណិជ្ជកម្ម ផ្លេណិត លែបស៍ (Planet Labs) អ្នកស្រាវជ្រាវទាំងនោះបានកំណត់នូវគម្រោងសាងសង់មួយកន្លែងផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរដែលត្រូវបានស្គាល់ដោយឈ្មោះពីរថា វ៉ូលូកដា-២០ (Vologda-20) និងឆីបសារ៉ា (Chebsara) ដែលប្រហែលជាទីតាំងដាក់ពង្រាយមីស៊ីលថ្មីនេះ ហើយមានចម្ងាយ ៤៧៥គីឡូម៉ែត្រភាគខាងជើងទីក្រុងមូស្គូ។

ក្រុមអ្នកស្រាវជ្រាវនិយាយថា ការកំណត់អត្តសញ្ញាណពីទីតាំងទាំងនេះ បង្ហាញថារុស្ស៊ីកំពុងបន្តដាក់ពង្រាយ បន្ទាប់ពីការធ្វើតេស្តជាបន្តបន្ទាប់មានបញ្ហាក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

របាយការណ៍ឆ្នាំ២០២០ របស់មជ្ឈមណ្ឌលចារកម្មអាកាស និងអវកាសជាតិរបស់កងទ័ពអាមេរិក បាននិយាយថា ប្រសិនបើរុស្ស៊ី នាំយកមីស៊ីល Burevestnik ចូលបម្រើការដោយជោគជ័យ នោះនឹងផ្តល់ឱ្យទីក្រុងមូស្គូ នូវ «អាវុធពិសេសដែលមានសមត្ថភាពអន្តរទ្វីប»។ ប៉ុន្តែការត្រួតពិនិត្យកាលពីមុន និងដែនកំណត់នៃការរចនាអាវុធ បានបង្កើនការសង្ស័យក្នុងចំណោមអ្នកជំនាញអំពីសមត្ថភាពនោះ៕