រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១២៩នាក់ត្រូវបានសម្លាប់ ខណៈពេលដែលកំពុងព្យាយាមរត់គេចពីពន្ធនាគារកណ្តាល ម៉ាកាឡា (Makala) ក្នុងរដ្ឋធានី គីនស្ហាសា (Kinshasa) កាលពីល្ងាចថ្ងៃអាទិត្យ ដោយបន្ថែមថាពេលនេះស្ថានការណ៍ស្ថិតក្នុងការគ្រប់គ្រង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម X នៅព្រឹកថ្ងៃអង្គារ (០៣ កញ្ញា) នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក សានបានី លូកូ (Shabani Lukoo) បាននិយាយថា អគ្គិភ័យបានឆាបឆេះអគាររដ្ឋបាលរបស់ពន្ធនាគារ ឃ្លាំងអាហារ និងមន្ទីរពេទ្យក្នុងហេតុការណ៍នោះ ហើយមនុស្សប្រមាណ ៥៩នាក់បានរងរបួស។

នៅមុននោះ មន្ត្រីពន្ធនាគារម្នាក់បាននិយាយថា ពុំមានអ្នកទោសណាម្នាក់រត់គេចបានជោគជ័យនោះទេ ដោយបន្ថែមថាអ្នកដែលព្យាយាមរត់គេចត្រូវបានសម្លាប់ ខណៈរដ្ឋាភិបាលកំពុងស៊ើបអង្កេតលើឧបទ្ទវហេតុនេះ។
ការប៉ុនប៉ងហែកពន្ធនាគារនេះបានកើតឡើងប្រហែលម៉ោង ២:០០ទៀបភ្លឺ (ម៉ោងក្នុងស្រុក) កាលពីថ្ងៃអាទិត្យ ហើយអ្នកទោសមួយចំនួនបានប្រាប់សារព័ត៌មានរ៉យទ័រថា ពួកគេបានឮសំឡេងកាំភ្លើងយ៉ាងខ្លាំង និងសំឡេងឡូឡារបស់អ្នកទោសនៅខាងក្រៅ៕