សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងថា រយៈពេលប្រមាណ៩ខែកន្លងមកនេះ ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងជំនាញបានបង្ក្រាបគ្រឿងញៀនជាង ៧ពាន់ករណី និងបានដកហូតវត្ថុតាងថ្នាំញៀនជិត ៦តោន។
នគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានប្រាប់ BTV ឱ្យដឹងថា ក្រោមការបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀន សរុប ៧,១០៦ ករណី ឃាត់មនុស្ស ១៧,៦៧៣ នាក់ ក្នុងនោះមានជនបរទេស ៥៥០ នាក់ និងមាន ១៥ញ្ជាតិ ។
នគរបាលបន្តថា បទល្មើសគ្រឿងញៀនទាំង ៧,១០៦ ករណី រួមមាន ករណីជួញដូរ ៩១១ករណី ដឹកជញ្ជូន រក្សាទុក ៣,២៧៧ករណី ផលិតកែច្នៃ ១១ករណី ចាត់ចែងសម្រួល ៣៣ករណី បើកបរក្រោមឥទ្ធិពលគ្រឿងញៀន ៥៨ករណី ករណីប្រើប្រាស់ ២,៨០៩ ករណី និងអនុវត្ដន៍ដីកា ៥០៦ករណី ដោយចាប់យកវត្ថុតាងសារធាតុញៀនគ្រប់ប្រភេទ ប្រមាណជាង ៥តោន កញ្ឆាស្ងួត ជាង ៦២Kg កញ្ឆាស្រស់ ៦,៦៨២ ដើម និងសារធាតុគីមីផ្សំ ជាង ២២៧ Kg រថយន្ត ៩៦គ្រឿង ម៉ូតូ ១,៤៥៦គ្រឿង ទូរស័ព្ទ ៤,៤១៣ គ្រឿង ជញ្ជីង ៤០៤គ្រឿង អាវុធខ្លី ១៨ដើម និងអាវុធវែង ១៤ដើម ជាប្រភេទកែច្នៃ។
ជាមួយគ្នានេះក្នុងនាមសមត្ថកិច្ចជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នគរបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ប្រសិនបើបានដឹងថា ទីណា កន្លែងណា មានលួចលាក់ប្រព្រឹត្តបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ ឬទីតាំងផលិត ចែកចាយ ទីតាំងស្តុកគ្រឿងញៀន សូមទាក់ទង និងផ្ដល់ព័ត៌មានទៅសមត្ថកិច្ចតាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍ ៦៧០ ឬលេខផ្សេងៗទៀត ដែលមាននៅក្នុង ផេក របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អ្នករាយការណ៍ត្រូវបានធានារក្សាការសម្ងាត់ជូន៕ តារាវុទ្ធី
