ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ សូមកុំប្រើប្រាស់ឧបករណ៍នេសាទ ល្មើសច្បាប់ រួមមាន អាំងវែកទ័រឆក់ត្រី ឧបករណ៍ស្បៃមុង សាច់អួនក្រលាញឹក និងឧបករណ៍ នេសាទខុសច្បាប់ផ្សេងៗមួយចំនួនទៀត ដែលបង្កមហន្តរាយ និងបំផ្លិចបំផ្លាញធនធាន ជលផលរបស់យើងអោយវិនាសពីមួយថ្ងៃទៅមួយថ្ងៃនោះ ។ សូមអោយបងប្អូន ងាកមកចូលរួមថែរក្សា ការពារ និងអភិរក្ស ដើម្បីអោយធនធានរបស់យើងស្ថិតស្ថេរ គង់វង្ស យូរអង្វែង សម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត់។
ការអំពាវនាវនេះ គឺធ្វើឡើងកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ខណៈពេលដែរឯកឧត្តម ទឹម បូរក្ស អញ្ជើញដឹកនាំកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ខណ្ឌរដ្ឋបាលជលផលក្រចេះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រែកប្រសព្វ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត អាជ្ញាធរមូលដ្ឋាន សហគមន៍នេសាទ និងប្រជាការពារ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅភូមិសាស្ត្រឃុំចំបក់ និងឃុំប្ញស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
ជាលទ្ធផលកម្លាំងសមត្ថកិច្ចចម្រុះ បានធ្វើការរុះរើ និងបំផ្លាញចោលនូវឧករណ៍ នេសាទល្មើសច្បាប់ ចំនួន ០២ករណី រួមមាន របាំងព្រួលសាច់រ៉ាវ ចំនួន ១៩ខ្សែ ប្រវែង៩៥០ម៉ែត្រ ក្រឡាទំហំ ៣ទៅ៥ សង់ទីម៉ែត្រ, លបរ៉ាវចំនួន ១៩គ្រឿង ក្រឡាទំហំ ៣ទៅ៥ សង់ទីម៉ែត្រ, របាំងព្រួលស្បៃមុង ចំនួន ៣៦ខ្សែ ប្រវែង ១៦២០ម៉ែត្រ, លូស្បៃមុងចំនួន ៣៦មាត់លូ, បង្គោលចម្រឹងប្ញស្សី ចំនួន ៧៨០ដើម និងចាក់លែងត្រីចម្រុះចូលក្នុងបឹងធម្មជាតិ ទម្ងន់ប្រមាណ ២០០គីឡូក្រាម ។
លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានបញ្ជាក់ឲ្យដឹងថា លោកនឹងបន្តសហការជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ដូចភ្លៀងរលឹម មិនថារដូវបិទ ឬរដូវបើកនេសាទឡើយ ៕ ដោយ សេង ម័រ






