សារព័ត៌មានរដ្ឋចិនរាយការណ៍ថា រថយន្តដឹកសិស្សរបស់សាលាមួយ បានបើកចូលហ្វូងមនុស្សយ៉ាងពេញទំហឹង ដោយបានបណ្ដាលឲ្យមានអ្នកស្លាប់យ៉ាងតិច ១១នាក់ ក្នុងនោះរួមទាំងសិស្ស ៥នាក់ នៅក្នុងខេត្ត Shandong ប្រទេសចិនផងដែរ។ ចំណែកមនុស្សជាច្រើននាក់ទៀត បានរងរបួស ក្នុងនោះមានម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
រថយន្តនេះ ហាក់ដូចជាបានបុកសិស្ស និងឪពុកម្តាយរបស់សិស្ស ខណៈដែលពួកគេកំពុងឈរនៅខាងក្រៅទ្វារសាលារៀនក្នុងទីក្រុង Tai'an។
សេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹង អ្នកបើកបរបាន «បាត់បង់ការគ្រប់គ្រង» លើរថយន្ត ហើយត្រូវបានចាប់ខ្លួន បន្ទាប់ពីកើតហេតុការណ៍នោះ ខណៈដែលនគរបាលស៊ើបអង្កេតពីមូលហេតុ ដែលនាំឲ្យមានឧបទ្ទវហេតុនេះ។ នាពេលនេះ គេមិនទាន់ដឹងថា តើឧបទ្ទវហេតុនោះ កើតមានឡើងដោយចេតនា ឬយ៉ាងណានោះទេ។
បន្ទាប់ពីរថយន្តក្រុង បានបើកបុកឪពុកម្តាយ និងកូនៗ នៅលើចិញ្ចើមផ្លូវនោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានបញ្ជាក់ថា «រហូតមកដល់ពេលនេះ មនុស្សសរុបចំនួន ១១នាក់ បានបាត់បង់ជីវិត (ក្នុងនោះមានឪពុកម្តាយ ៦នាក់ និងសិស្ស ៥នាក់)»។ រីឯមនុស្ស ១២នាក់ផ្សេងទៀតស្ថិតក្នុងស្ថានភាពមិនមានអ្វីប៉ះពាល់ដល់អាយុជីវិតឡើយ។
រូបភាព និងវីដេអូនៃឧបទ្ទវហេតុ កំពុងត្រូវបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ហាញពីមនុស្សហាក់ដូចជាជាប់នៅក្រោមរថយន្ត។ ហេតុការណ៍នេះកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីសិស្សបានត្រឡប់ទៅសាលារៀនវិញ ដើម្បីចាប់ផ្ដើមបវេសនកាលថ្មី៕


