រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក សេយីដ អាបាស អេរេចជី ( Seyyed Abbas Araghchi) និងសមភាគីអៀរឡង់ លោក ម៉ៃខល ម៉ាទីន ( Micheal Martin) កាលពីថ្ងៃចន្ទ បានសង្កត់ធ្ងន់លើភាពចាំបាច់ ដើម្បីបញ្ឈប់សង្គ្រាមនៅតំបន់ហ្កាហ្សា ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

នៅក្នុងការសន្ទនាតាមទូរស័ព្ទ ភាគីទាំងពីរ បានពិភាក្សាអំពីការវិវឌ្ឍក្នុងតំបន់ ក៏ដូចជាបញ្ហាផ្សេងទៀតដែលមានផលប្រយោជន៍រួម។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់។
សេចក្តីថ្លែងការណ៍ បាននិយាយថា លោក អេរេចជី បានសង្កត់ធ្ងន់លើតម្រូវការក្នុងការបញ្ឈប់ជាបន្ទាន់នូវសង្គ្រាមប្រឆាំងនឹងប្រជាជន នៅតំបន់ហ្កាហ្សា ដោយកត់សម្គាល់ថា អ៊ីរ៉ង់គាំទ្រកិច្ចព្រមព្រៀងឈប់បាញ់ណាមួយ ដែលនឹងត្រូវបានអនុម័តដោយក្រុមហាម៉ាស និងប្រជាជនប៉ាឡេស្ទីន។
លោកបាននិយាយថា អ៊ីរ៉ង់បានព្យាយាមកាត់បន្ថយភាពតានតឹង នៅក្នុងតំបន់ ប៉ុន្តែអ៊ីស្រាអែល កំពុងជំរុញឲ្យមានអំពើហិង្សា និងពង្រីកវាទៅផ្នែកផ្សេងទៀតនៃតំបន់ រួមទាំងតំបន់វេសបែង ( West Bank) ដោយបានបន្ថែមថា មនុស្សគ្រប់គ្នា គួរតែខិតខំប្រឹងប្រែងឲ្យលឿន និងមានប្រសិទ្ធភាព ដើម្បីបញ្ឈប់អំពើហិង្សា នៅក្នុងតំបន់ហ្កាហ្សា។
លោក អេរេចជី បានកត់បញ្ជាក់ថា ការកែលម្អទំនាក់ទំនងទ្វេភាគីរវាងអ៊ីរ៉ង់ និងអៀរឡង់គឺ «អាចធ្វើទៅបាន និងអាចដំណើរការទៅមុខបាន» ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក។