ប្រទេសកូរ៉េខាងជើង ត្រូវបានគេប៉ាន់ប្រមាណថា រកចំណូលបានជាង ៦ពាន់លានដុល្លារអាមេរិក តាមរយៈការលួចចូលមើលទិន្នន័យតាមអ៊ីនធឺណិត និងសកម្មភាពខុសច្បាប់ផ្សេងទៀត ក្នុងរយៈពេល ៧ឆ្នាំចុងក្រោយនេះ បើទោះបីជាប្រឈមមុខនឹងទណ្ឌកម្មអន្តរជាតិយ៉ាងធ្ងន់ធ្ងរក៏ដោយ។

ប្រាក់ចំណូលរបស់ប្រទេសកូរ៉េខាងជើងតាមរយៈសកម្មភាពខុសច្បាប់ ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២៣ ដូចជាការរត់ពន្ធធ្យូងថ្ម បានឈានដល់ចំនួនសរុប ៦,២៩ ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ពីវិទ្យាស្ថានសម្រាប់យុទ្ធសាស្ត្រសន្តិសុខជាតិ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយលើកូរ៉េខាងជើង ជុំវិញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ដូចជាការហាមប្រាមអាវុធ និងការហាមឃាត់ការនាំចេញធ្យូងថ្ម ខណៈពេលដែលតម្រូវឲ្យប្រទេសនានា ធ្វើមាតុភូមិនិវត្តន៍ពលករកូរ៉េខាងជើង។

របាយការណ៍ បាននិយាយថា ការនាំចេញធ្យូងថ្មខុសច្បាប់របស់កូរ៉េខាងជើង បាននាំមកនូវប្រាក់ចំណូលចំនួន ២,១៥ ពាន់លានដុល្លារ ក្នុងរយៈពេលនេះ បន្ទាប់មកប្រាក់ចំណូលពីពលករ នៅក្នុងប្រទេសចិន និងរុស្ស៊ីមានចំនួន ១,៧៥ពាន់លានដុល្លារ និងសកម្មភាពតាមអ៊ីនធឺណិតខុសច្បាប់ចំនួន ១,៣៥ ពាន់លានដុល្លារ។
កូរ៉េខាងជើង ត្រូវបានគេប៉ាន់ស្មានថា រកចំណូលបាន ៥៤០លានដុល្លារផងដែរ ដោយការនាំចេញអាវុធដូចជាគ្រាប់កាំភ្លើងធំ ទៅកាន់រុស្ស៊ី កាលពីឆ្នាំមុន។