សេចក្តីណែនាំថ្មី ត្រូវបានចេញឲ្យក្រុមយុទ្ធជនដែលត្រូវបានចោទប្រកាន់ពីបទការពារអ្នកទោស ទាក់ទងនឹងរបៀបដោះស្រាយជាមួយពួកគេ ប្រសិនបើកងទ័ពអ៊ីស្រាអែល ចូលទៅជិតកន្លែងឃុំឃាំងនោះ។

លោក អាប៊ូ អូបេដា (Abu Obeida) អ្នកនាំពាក្យកងពលតូចអាល់កាសំ ( Al-Qassam) ដែលជាអង្គភាពយោធារបស់ក្រុមហាម៉ាស បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងកងទ័ពអ៊ីស្រាអែល ទទួលខុសត្រូវទាំងស្រុងចំពោះការស្លាប់របស់អ្នកទោស បន្ទាប់ពីពួកគេ បានរារាំងកិច្ចព្រមព្រៀងដោះដូរអ្នកទោសដោយចេតនា បន្ថែមពីលើការសម្លាប់មនុស្សរាប់សិបនាក់ដោយចេតនារបស់ពួកគេ តាមរយៈការទម្លាក់គ្រាប់បែក ដោយផ្ទាល់។

លោក អាប៊ូ អូបេដា បានបន្ថែមថា៖«ការទទូចរបស់លោក ណេតាន់យ៉ាហ៊ូ ក្នុងការដោះលែងអ្នកទោសក្រោមសម្ពាធយោធា ជំនួសឲ្យការបិទកិច្ចព្រមព្រៀងមួយ នឹងនាំឲ្យពួកគេត្រឡប់ទៅគ្រួសាររបស់ពួកគេវិញ នៅក្នុងមឈូស ហើយគ្រួសាររបស់ពួកគេ ត្រូវជ្រើសរើសថាតើពួកគេ ស្លាប់ ឬនៅរស់» ។
សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើង បន្ទាប់ពីរកឃើញសាកសពស្ត្រីពីរនាក់ និងបុរស ៤នាក់ មកពីតំបន់ហ្កាហ្សា។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ពួកគេ ត្រូវបានសម្លាប់នៅក្នុងផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាសភ្លាមៗ មុនពេលទាហាន មកដល់។