ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ទង្វើបង្កហេតុរបស់ទីក្រុងគីវប្រឆាំងនឹងខ្សែបន្ទាត់ព្រំដែនតំបន់ឃើស( Kursk) របស់រុស្ស៊ី នឹងបញ្ចប់ដោយការបរាជ័យ។

ប្រមុខរដ្ឋរូបនេះ បានបញ្ជាក់នៅក្នុងកិច្ចប្រជុំជាមួយសិស្សនៅសាលាលេខ ២០ នៅទីក្រុងគីហ្ស៊ីល ( Kyzyl) រដ្ឋធានីនៃតំបន់ស៊ីបេរី ទូវ៉ា (Tuva) របស់ប្រទេសរុស្ស៊ីថា៖«ខ្ញុំមានទំនុកចិត្តថា ទង្វើនៃការបង្កហេតុនេះ ក៏នឹងបរាជ័យផងដែរ»។

លោក ពូទីន បានថ្លែងថា៖«យើងពិតជាត្រូវការ ដើម្បីកម្ចាត់ក្រុមចោរ ដែលបានឈ្លានពានចូលទៅក្នុងទឹកដីរុស្ស៊ី នៅក្នុងតំបន់ឃើស និងដោះស្រាយការប៉ុនប៉ងបង្កើតអស្ថិរភាព នៅក្នុងតំបន់ព្រំដែនរបស់យើងទាំងអស់នោះ។
លោកប្រធានាធិបតី បានផ្តល់ការវាយតម្លៃរបស់លោកថា ហេតុអ្វីបានជាអាជ្ញាធរទីក្រុងគីវ សម្រេចចិត្តវាយប្រហារតំបន់ឃើស។ លោក ពូទីន បានកត់សម្គាល់ថា៖«អាជ្ញាធរបច្ចុប្បន្ន មិនស្របច្បាប់ សូម្បីតែតាមច្បាប់ក្នុងស្រុកក្តី។ ពួកគេ ត្រូវបានគេសន្មត់ថា រៀបចំការបោះឆ្នោតប្រធានាធិបតី ប៉ុន្តែពួកគេ បានបោះបង់ចោលគំនិតនេះ ដោយលើកឡើងពីច្បាប់អាជ្ញាសឹក ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញអ៊ុយក្រែន»។