ក្រុមចុងក្រោយនៃសកម្មជនហុងកុងចំនួន ៤៥នាក់ នៅថ្ងៃអង្គារ (០៣ កញ្ញា) នេះបានចូលស្ដាប់សវនាការលើសំណើសុំសម្រាលទោសរបស់ពួកគេនៅក្នុងការកាត់ក្តីសន្តិសុខជាតិដ៏ធំមួយ ជុំវិញការចោទប្រកាន់ថាពួកគេបានបង្កើត «ការសមគំនិតដើម្បីបង្វែរអំណាចរដ្ឋ»។

បទល្មើសនេះនាំឱ្យជាប់ពន្ធនាគារអស់មួយជីវិតក្រោមច្បាប់សន្តិសុខជាតិដ៏ទូលំទូលាយដែលទីក្រុងប៉េកាំង បានដាក់លើមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះក្នុងឆ្នាំ២០២០ បន្ទាប់ពីការតវ៉ាលទ្ធិប្រជាធិបតេយ្យដ៏ហិង្សាបានធ្វើឱ្យកក្រើកទីក្រុងអស់រយៈពេលជាច្រើនខែកាលឆ្នាំ២០១៩។

លោកចៅក្រម អាន់ឌ្រូ ឈិន (Andrew Chan) បាននិយាយនៅថ្ងៃអង្គារនេះថា អ្នកទាំង ៤៥នាក់នោះនឹងត្រូវកាត់ទោសនៅពេលក្រោយដែលមិនទាន់សម្រេចនៅឡើយ។ សកម្មជនសរុបចំនួន ៤៧នាក់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់នៅឆ្នាំ២០២១ សម្រាប់ការចូលរួមបោះឆ្នោតក្រៅផ្លូវការមួយដើម្បីជ្រើសរើសបេក្ខជនគាំទ្រលទ្ធិប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សានីតិប្បញ្ញត្តិឆ្នាំ២០២០។
សកម្មជនដែលត្រូវបានកាត់ទោសទាំងនេះបានចាប់ផ្តើមសវនាការសម្រាលទោសចែកចេញជា ៦ក្រុម ដែលមានរយៈពេលបីខែចាប់ពីខែមិថុនាមក ដោយសង្ឃឹមថានឹងបន្ធូរបន្ថយការកាត់ទោសដ៏ធ្ងន់របស់ពួកគេ។ ចុងចោទត្រូវបានចោទប្រកាន់ពីបទរៀបចំផែនការបង្ខំរដ្ឋាភិបាលហុងកុងឱ្យបំពេញការទាមទារក្នុងការតវ៉ាឆ្នាំ២០១៩ រួមទាំងការបោះឆ្នោតសកលពិតប្រាកដរបស់ទីក្រុង៕