នគរបាលក្រុងបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៤នាក់ត្រូវបានបាញ់សម្លាប់នៅលើរថភ្លើងក្នុងទីក្រុង ឈីកាហ្គោ (Chicago) សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (០២ កញ្ញា) ដោយជនសង្ស័យម្នាក់ត្រូវចាប់ខ្លួនភ្លាមៗ។

នគរបាលលើកឡើងថា ពួកគេបានឆ្លើយតបទៅនឹងការហៅទូរសព្ទបន្ទាន់នៅព្រឹកព្រលឹមថ្ងៃចន្ទ ទៅកាន់ស្ថានីយ៍រថភ្លើង ហ្វរ៉េស ផាក (Forest Park) ជាទីដែលពួកគេបានរកឃើញជនរងគ្រោះទាំង ៤នាក់។

សេចក្តីថ្លែងការណ៍នោះបានឱ្យដឹងថា «មនុស្ស ៣នាក់បានស្លាប់នៅនឹងកន្លែង ហើយជនរងគ្រោះទី៤ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ បន្ទាប់មកក៏ត្រូវបានគេប្រកាសថាស្លាប់ដោយសាររបួសធ្ងន់ធ្ងរពេក»។

សេចក្តីថ្លែងការណ៍បន្ថែមថា នគរបាលក្រុងឈីកាហ្គោ បានដាក់ចេញភិនភាគជនដៃដល់ដោយផ្អែកលើវីដេអូកាមេរ៉ា ហើយក្រោយមកជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួនជាមួយនឹងកាំភ្លើមមួយដើម។
អំពើហិង្សាដោយកាំភ្លើងគឺជារឿងធម្មតាទៅហើយនៅសហរដ្ឋអាមេរិក ជាប្រទេសដែលមានអាវុធច្រើនជាងចំនួនប្រជាជនទៅទៀត ហើយការព្យាយាមរារាំងសិទ្ធិប្រើប្រាស់កាំភ្លើងតែងតែត្រូវជួបជាមួយនឹងការតស៊ូខាងនយោបាយយ៉ាងតឹងរ៉ឹង។ យោងតាមទីភ្នាក់ងារតាមដានហិង្សាដោយកាំភ្លើង Gun Violence Archive បង្ហាញថា នៅឆ្នាំ២០២៤នេះ អាមេរិកមានការបាញ់ប្រហារទ្រង់ទ្រាយធំយ៉ាងហោចណាស់ចំនួន ៣៧៨ករណីនៅទូទាំងប្រទេស។ ឧបទ្ទវហេតុដែលត្រូវបានកំណត់ថាជាការបាញ់ប្រហារទ្រង់ទ្រាយធំ គឺពាក់ព័ន្ធនឹងជនរងគ្រោះយ៉ាងហោចណាស់ ៤នាក់៕