របាយការណ៍របស់នរគបាល បានបង្ហាញនៅថ្ងៃអង្គារនេះថា មនុស្សសរុបចំនួន ៤០៣ នាក់ត្រូវបានចាប់ខ្លួន ចាប់តាំងពីឆ្នាំ ២០២១ ពីបទបង្កើតវីដេអូអាសអាភាសក្លែងក្លាយដោយខុសច្បាប់ ខណៈដែលប្រទេសកូរ៉េខាងត្បូង កំពុងព្យាយាមប្រយុទ្ធប្រឆាំងនឹងរូបភាពអាសអាភាសក្លែងក្លាយតាមអ៊ីនធឺណិត ដែលផ្តោតលើស្ត្រីវ័យក្មេង។

យោងតាមរបាយការណ៍របស់ភ្នាក់ងារនគរបាលជាតិដែលបានដាក់ជូនតំណាងរាស្រ្តគណបក្សប្រជាធិបតេយ្យលោក ហង់ ជុង អេ (Hwang Jung-a) បុគ្គលចំនួន ៧, ៥៣០ នាក់ ត្រូវបានចាប់ខ្លួន នៅចន្លោះឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៣ ដោយសារអំពើហិង្សាផ្លូវភេទតាមអ៊ីនធឺណិត ដូចជាការផ្សព្វផ្សាយវីដេអូកេងប្រវ័ញ្ចផ្លូវភេទពាក់ព័ន្ធនឹងកុមារ និងវីដេអូកាមេរ៉ាចារកម្មជាដើម។

ក្នុងចំណោមពួកគេ ២៥៧នាក់ ត្រូវបានចាប់ខ្លួនពីបទឧក្រិដ្ឋកម្មវីដេអូក្លែងក្លាយ។ ជាមួយនឹងបុគ្គលបន្ថែមចំនួន ១៤៦នាក់ ដែលត្រូវបានចាប់ខ្លួននៅចន្លោះខែមករា និងខែកក្កដា ឆ្នាំនេះ ចំនួនមនុស្សសរុបដែលត្រូវបានចាប់ខ្លួន ចាប់តាំងពីឆ្នាំ ២០២១ ពីបទរូបភាពអាសអាភាសក្លែងក្លាយខុសច្បាប់ បានកើនឡើងដល់ ៤០៣នាក់។
របាយការណ៍នេះ បានបង្ហាញថា ទោះជាយ៉ាងណាក៏ដោយ មានត្រឹមតែ ១២នាក់ ឬ ៤,៧ ភាគរយប៉ុណ្ណោះនៃអ្នកដែលត្រូវបានចាប់ខ្លួន នៅចន្លោះឆ្នាំ ២០២១ និង២០២៣ ត្រូវបានចាប់ខ្លួនជាផ្លូវការ ដោយមានការស៊ើបអង្កេត ខណៈដែលអត្រាការចាប់ខ្លួននៅឆ្នាំនេះ មានត្រឹមតែ ២,៧ភាគរយប៉ុណ្ណោះ។