ទូរទស្សន៍ Al Jazeera របស់ប្រទេសកាតា បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៨នាក់ បានស្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើជំរំជនភៀសខ្លួន Jabalia នៅភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីប។
យោងតាមប៉ុស្តិ៍ទូរទស្សន៍នេះ គោលដៅនៃការវាយប្រហារនេះ គឺជាមនុស្សមួយក្រុមដែលឈរតម្រង់ជួរដើម្បីទទួលនំប៉័ង នៅខាងក្រៅទីជម្រករបស់អង្គការសហប្រជាជាតិ និងជំនួយសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ដើមបូព៌ា (UNRWA)។
ទូរទស្សន៍នេះ បានបន្ថែមថា មនុស្សសរុបចំនួន ៤០.៧៨៦ នាក់ ត្រូវបានសម្លាប់ និង ៩៤.២២៤ នាក់បាន រងរបួសនៅក្នុងប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣។
ភាពតានតឹង បានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ានៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលក្រុមយុទ្ធជនមកពីចលនាបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាសដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សាស្ទ្រីប បានធ្វើការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែលពីតំបន់ហ្កាហ្សា ដោយបានសម្លាប់អ្នកស្រុករស់នៅតាមព្រំដែនអ៊ីស្រាអែល និងចាប់ចំណាប់ថ្នូរជាង ២៤០នាក់ក្នុងនោះមានស្ត្រី កុមារ និងមនុស្សចាស់។
ក្រុមហាម៉ាស បានពណ៌នាអំពីការវាយប្រហាររបស់ខ្លួនថា ជាការឆ្លើយតបទៅនឹងសកម្មភាពឈ្លានពានរបស់អាជ្ញាធរអ៊ីស្រាអែលប្រឆាំងនឹងវិហារឥស្លាម Al-Aqsa នៅលើប្រាសាទភ្នំ ក្នុងទីក្រុងចាស់របស់រដ្ឋធានីហ្ស៊េរុយសាឡឹម។