នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតានិយ៉ាហ៊ូ ( Benjamin Netanyahu) បានព្រមានក្រុមហាម៉ាសអំពីផលវិបាកដ៏ធ្ងន់ធ្ងរ ដែលខ្លួននឹងត្រូវរង ចំពោះការសម្លាប់ចំណាប់ថ្នូរអ៊ីស្រាអែលចំនួន ៦ នាក់ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។
លោក បាននិយាយថា៖«អ៊ីស្រាអែល នឹងមិនចុះចាញ់នឹងវាទេ ហើយនឹងមិនភ្លេចឃាតកម្មនេះទេ។ ក្រុមហាម៉ាស នឹងត្រូវរងផលវិបាកដ៏ធ្ងន់ធ្ងរ ដោយសារទង្វើនេះ»។
លោកនាយករដ្ឋមន្ត្រី បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃចំណាប់ថ្នូរ ដែលត្រូវបានសម្លាប់ ហើយបានសង្កត់ធ្ងន់ថា អ៊ីស្រាអែលកំពុងតស៊ូ ដើម្បីរស់រានមានជីវិត ហើយត្រូវតែរួបរួមគ្នា។ លោកបានថ្លែងថា៖«ខ្ញុំសូមអភ័យទោសចំពោះការខកខានមិនបានប្រគល់ពួកគេដោយមានជីវិតមកវិញ។ យើងពិតជានៅកៀកនឹងករណីនេះខ្លាំងណាស់ ប៉ុន្តែយើងបរាជ័យ»។
យោធាអ៊ីស្រាអែល បានរកឃើញសាកសពចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលចំនួន ៦នាក់ នៅក្នុងផ្លូវរូងក្រោមដីក្បែរទីក្រុងរ៉ាហ្វានៃតំបន់ហ្កាហ្សាស្ទ្រីបភាគខាងត្បូងកាលពីថ្ងៃទី ៣១ ខែសីហា។ លោក Alexander Lobanov ដែលជាពលរដ្ឋអ៊ីស្រាអែល និងរុស្សី គឺស្ថិតក្នុងចំណោមពួកគេ។ អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Daniel Hagari បាននិយាយកាលពីថ្ងៃទី ០១ ខែកញ្ញាថា ការពិនិត្យកោសល្យវិច្ច័យ បង្ហាញថា អ្នកទាំង ៦នាក់ ត្រូវបានបាញ់សម្លាប់ភ្លាមៗ មុនពេលដែលទាហានអ៊ីស្រាអែល ទៅដល់តំបន់នោះ។