អង្គភាពកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាស កាលពីថ្ងៃចន្ទ (ទី២ ខែកញ្ញា) បាននិយាយថា ចាប់តាំងពីខែមិថុនាមក ក្រុមនេះ បាន និងកំពុងប្រតិបត្តិការក្រោមការណែនាំថ្មី អំពីរបៀបដោះស្រាយ ចំពោះចំណាប់ថ្នូ ប្រសិនបើកងកម្លាំងអ៊ីស្រាអែលចូលទៅជិតទីតាំងរបស់ពួកគេ នៅក្នុងតំបន់ហ្កាហ្សា។
ការប្រកាសនេះធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីយោធាអ៊ីស្រាអែល បានរកឃើញសពចំណាប់ថ្នូរ ៦នាក់ចេញពីផ្លូវរូងក្រោមដី ក្នុងទីក្រុង Rafah ភាគខាងត្បូងនៃតំបន់ហ្កាហ្សា ដោយនិយាយថា អ្នកទាំងនោះត្រូវបានបាញ់សម្លាប់ដោយពួកឃុំខ្លួនពួកគេ ខណៈដែលកងកម្លាំងអ៊ីស្រាអែលបានចូលទៅកៀកទីតាំងលាក់ខ្លួន។
តែយ៉ាងណាក្ដី លោក Abu Ubaida អ្នកនាំពាក្យរបស់កងពលតូច al-Qassam របស់ក្រុមហាម៉ាស មិនបានផ្តល់ព័ត៌មានលម្អិតអំពីអ្វីដែលជាការណែនាំនោះទេ។ លោកបាននិយាយថា ក្រុមរបស់លោកទទួលខុសត្រូវ ចំពោះការស្លាប់របស់ចំណាប់ថ្នូរនោះ។
លោក Ubaida បាននិយាយថា ការណែនាំថ្មីត្រូវបានផ្តល់ដល់ឆ្មាំចំណាប់ថ្នូរ បន្ទាប់ពីមានប្រតិបត្តិការជួយសង្គ្រោះរបស់អ៊ីស្រាអែល កាលពីខែមិថុនា។ នៅពេលនោះ កងកម្លាំងអ៊ីស្រាអែល បានរំដោះចំណាប់ថ្នូរ ៤នាក់ នៅក្នុងការវាយឆ្មក់មួយ ដែលជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ ក្នុងនោះរួមទាំងស្ត្រី និងកុមារផងដែរ ត្រូវបានសម្លាប់។
នៅយប់ថ្ងៃទី២ ខែកញ្ញា កងកម្លាំងប្រដាប់អាវុធហាម៉ាស បានចេញផ្សាយវីដេអូដែលបានថតទុកពីចំណាប់ថ្នូរម្នាក់ ក្នុងចំណោមចំណាប់ថ្នូរទាំង ៦នាក់ដែលត្រូវបានស្លាប់ ដោយក្នុងវីដេអូនោះចំណាប់ថ្នូររូបនោះជំរុញឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បញ្ចប់កិច្ចព្រមព្រៀង ដើម្បីរំដោះពួកគេ ដោយនិយាយថា រូបនាងភ័យខ្លាចថា នាងអាចស្លាប់នៅក្នុងការឃុំខ្លួននេះ។ យ៉ាងណាក្ដីកាលបរិច្ឆេទនៃពេលវេលាដែលវីដេអូត្រូវបានថតមិនច្បាស់លាស់នោះឡើយ៕