សម្តេច ប៉ាប ហ្វ្រង់ស៊ីស នៅថ្ងៃអង្គារ (ទី៣ ខែកញ្ញា) បានយាងទៅដល់ឥណ្ឌូនេស៊ីហើយ ដែលជាប្រទេសមានជនមូស្លីមភាគច្រើន ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចប្រទេសចំនួន៤ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលនឹងក្លាយជាដំណើរដ៏យូរថ្ងៃបំផុត និងឆ្ងាយបំផុតរបស់សម្តេច ប៉ាប ព្រះជន្ម ៨៧ព្រះវស្សា។
ប្រមុខនៃអ្នកកាន់សាសនាកាតូលិក ១,៣ពាន់លាននាក់របស់ពិភពលោក បានយាងទៅដល់ទីក្រុងហ្សាការតា សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ដែលផ្ដោតដល់ទំនាក់ទំនងអន្តរសាសនា ហើយបន្ទាប់មកនឹងយាងទៅកាន់ប្រទេសប៉ាពួញូវហ្គីណេ ទីម័រខាងកើត និងសិង្ហបុរី។
ដំណើរទស្សនកិច្ចរយៈពេល ១២ថ្ងៃនេះ នឹងតេស្តលើសុខភាពដែលមានស្ថានភាពមិនសូវរឹងមាំខ្លាំងឡើងៗរបស់សម្តេចសង្ឃកាតូលិក ប៉ុន្តែព្រះអង្គតែងតែមានកម្លាំងពលំ ដោយការបានស្ថិតនៅក្នុងចំណោមក្រុមមនុស្សដែលនៅជុំវិញព្រះអង្គ ហើយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានបង្ហាញព្រះវត្តមានជាមួយស្មារតីយ៉ាងល្អប្រសើរ។
សម្តេច ប៉ាប គ្រោងនឹងសម្រាកលំហែព្រះកាយ នៅទីក្រុងហ្សាកាតា នៅថ្ងៃអង្គារនេះ បន្ទាប់ពីមាននូវការហោះហើរដ៏វែងឆ្ងាយពីទីក្រុងរ៉ូម ប្រទេសអ៊ីតាលី បន្ទាប់មកព្រះអង្គយាងជួបជាមួយប្រធានាធិបតីជិតផុតអាណត្តិ លោក Joko Widodo នាថ្ងៃពុធ (ទី៤ ខែកញ្ញា) ជាកិច្ចការផ្លូវការដ៏សំខាន់ដំបូងនៃដំណើរទស្សនកិច្ចរបស់ព្រះអង្គទៅកាន់ប្រទេសដែលមានប្រជាជនម៉ូស្លីមភាគច្រើនបំផុត នៅលើពិភពលោក។
គួរបញ្ជាក់ថា បច្ចុប្បន្នអ្នកកាន់សាសនាកាតូលិកមានចំនួនតិចជាង ៣ភាគរយនៃចំនួនប្រជាជនឥណ្ឌូនេស៊ី ពោលគឺប្រហែល ៨លាននាក់ ធៀបនឹងចំនួន ៨៧ភាគរយ ឬ ២៤២លាននាក់ ដែលជាអ្នកកាន់សាសនាអ៊ិស្លាម៕