នៅថ្ងៃអង្គារនេះ តារាសម្តែងប្រុសកូរ៉េខាងត្បូងលោក Yoo Ah-in ត្រូវបានសាលាដំបូងក្រុងសេអ៊ូល កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន និងក្លាយជាជនល្បីចុងក្រោយគេ ជាប់ក្នុងការបង្រ្កាបរបស់ក្រុមអាជ្ញាធរលើបញ្ហាគ្រឿងញៀន ។
លោក Yoo ដែលបានសម្តែងនៅក្នុងខ្សែភាពយន្តឈ្នះពាន់រង្វាន់ “Burning” និងខ្សែភាពយន្តភាគ "Hellbound"របស់ក្រុមហ៊ុន Netflix បានរងការចោទប្រកាន់ពីបទប្រើប្រាស់ដោយខុសច្បាប់នូវប្រភេទថ្នំា Propofol គឺជាថ្នាំស្ពឹកវេជ្ជសាស្រ្ត ជាច្រើនលើកចន្លោះបឆ្នាំ ២០២០ និងឆ្នាំ ២០២២ នៅក្នុងចំណោមការចោទប្រកាន់ករណីប្រើប្រាស់ថ្នាំញៀនផ្សេងទៀត ។
ការចាប់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធនឹងថ្នាំញៀនរបស់តារាល្បី និងអ្នកស្នងមរតកក្រុមហ៊ុនអាជីវកម្ម ឬគ្រួសារមហាសេដ្ឋី បានបង្ខំឲ្យក្រុមអាជ្ញាធរចាត់វិធានការបោសសម្អាតគ្រឿងញៀន និងបង្កើនការស៊ើបអង្កេតគយ ។
ការកាត់ទោសរបស់លោក Yoo បានកើតមានឡើងរយៈពេលមិនដល់ ១ឆ្នាំផង ក្រោយតារាសម្តែងប្រុស Lee Sun-kyun ដែលបានសម្តែងនៅក្នុងខ្សែភាពយន្តឈ្នះពាន់រង្វាន់អូស្កា“Parasite” ត្រូវបានគេប្រទះឃើញស្លាប់ ក្នុងករណីសង្ស័យធ្វើអត្តឃាត ក្រោយប្រឈមនឹងការសួរចម្លើយរបស់នគរបាល ចំនួន ៣លើក ជុំវិញករណីចោទប្រកាន់ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ៕