នៅថ្ងៃអង្គារនេះ ព្យុះកំបុតត្បូង Yagi ដែលក្នុងស្រុកគេស្គាល់ឈ្មោះថាជាព្យុះ Enteng បានប្រែទីក្រុង Antipolo របស់ហ្វីលីពីនក្លាយជាទីក្រុងទឹកជំនន់ ជាមួយគំនរកម្ទេចកម្ទី ក្រោយវាបោកបក់ដល់ដីគោកកាលពីរយៈពេល ១ថ្ងៃមុន ។
រូបភាពវីដេអូឃ្លីបថតបានដោយអ្នកស្រុក ឃើញទឹកជំនន់ទ្រង់ទ្រាយធំ បានជន់លិចផ្លូវថ្នល់នៅទីក្រុង Antipolo កាលពីថ្ងៃចន្ទ ។
ក្រុមមន្រ្តីរាយការណ៍ថា មនុស្សយ៉ាងហោច ៧នាក់ បានស្លាប់នៅក្នុងទីក្រុង Antipolo ដោយសារបំណាក់ដី និងលង់ទឹកស្លាប់ ស្របពេលដែលមនុស្ស ៤នាក់ផ្សេងទៀត ត្រូវបានគេរាយការណ៍ថា បាត់ខ្លួន ក្រោយបំណាក់ដំណាក់ និងទឹកជំនន់ដ៏គំហក់ ។
ក្រុមអាជ្ញាធរបញ្ជាក់ថា ព្យុះ Yagi បានឆក់យកជីវិតមនុស្សសរុប ១៤នាក់ ក្រោយមានអ្នកស្លាប់ ៩នាក់បន្ថែមទៀត កាលពីថ្ងៃចន្ទ ។
មន្រ្តីគ្រោះមហន្តរាយក្នុងស្រុក បញ្ជាក់ថា កិច្ចខិតខំរុករក និងជួយសង្រ្គោះ កំពុងធ្វើឡើង ។
ព្យុះនេះដែរ បានបង្ខំឲ្យបិទសាលារៀន និងការិយាល័យរដ្ឋាភិបាលនៅក្នុងទីក្រុងម៉ានីល និងខេត្តក្បែរគ្នានាថ្ងៃអង្គារនេះ ដោយសារតែមានការព្យាករណ៍ពីស្ថានភាពអាកាសធាតុអាក្រក់ ។
សូមបញ្ជាក់ថា ព្យុះកំបុតត្បូង និងព្យុះទីហ្វុងប្រហែល២០ វាយប្រហារហ្វីលីពីន ឬដែនទឹកជុំវិញប្រទេសនេះជារៀងរាល់ឆ្នាំ ជាធម្មតានៅចន្លោះចុងខែមិថុនា និងខែតុលា ដោយបានបំផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបានសម្លាប់មនុស្សជាច្រើននាក់ផងដែរ ៕