ភាពតក់ស្លុតបានកើតមានជាថ្មីនៅស្រុក Bahraich នៅភាគខាងជើប្រទេសឥណ្ឌាកាលពីយប់ថ្ងៃចន្ទ ក្រោយការវាយប្រហារថ្មីរបស់សត្វឆ្កែចចកលើកូនក្មេងម្នាក់ ។
ជនរងគ្រោះ ដែលជាក្មេងស្រីអាយុ ៥ឆ្នាំម្នាក់ បានដេកនៅក្នុងផ្ទះរបស់នាង ពេលរងការវាយប្រហារដោយសត្វឆ្កែចចក ។
អ្នកភូមិក្នុងស្រុក Bahraich នាំគ្នាបួងសួងសុំសុវត្ថិភាពប្រឆាំងនឹងការវាយប្រហាររបស់សត្វឆ្កែចចក ក្រោយរស់នៅទាំងភាពភ័យខ្លាចអស់រយៈពេល ២ខែមកហើយ បន្ទាប់ពីឧបទ្ទេវហេតុបែបនេះ កើតឡើងម្តងហើយម្តងទៀត ។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្រុមអាជ្ញាធរឥណ្ឌា ចាប់បានឆ្កែចចកមួយក្បាលក្នុងចំណោមសត្វឆ្កែចចក ៣ក្បាលដែលបានសម្លាប់ក្មេង ៦នាក់ និងស្រ្តីម្នាក់ នៅរដ្ឋភាគខាងជើង Uttar Pradesh ក្នុងរយៈពេល ២សប្តាហ៍កន្លងមកនេះ ។
អំឡុងរដូវប្រាំង វាជារឿងធម្មតាទេសម្រាប់អ្នកភូមិនៅប្រទេសឥណ្ឌា ដេកលើកន្ទេល ឬគ្រែធ្វើពីខ្សែត្បាញនៅក្រៅផ្ទះរបស់ពួកគេ ជាទីដែលមានខ្យល់ត្រជាក់ ជាហេតុធ្វើឲ្យពួកគេងាយរងគ្រោះ ។
ស្របពេលដែលការវាយប្រហាររបស់សត្វខ្លា ត្រូវបានគេរាយការណ៍ជាញឹកញាប់នៅក្នុងប្រទេសឥណ្ឌានោះ ការវាយប្រហាររបស់សត្វឆ្កែចចក គឺជារឿងខុសពីធម្មតា ៕