ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានរាយការណ៍ថា តុលាការរុស្ស៊ីបានកាត់ទោសរូបវិទូ លោក Alexander Shiplyuk ឲ្យជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ ពីបទក្បត់ជាតិ នៅថ្ងៃអង្គារ (ទី៣ ខែកញ្ញ) ជាករណីចុងក្រោយបង្អស់ ក្នុងចំណោមករណីជាច្រើនប្រឆាំងនឹងអ្នកជំនាញធ្វើការងារលើវិទ្យាសាស្ត្រ ដែលគាំទ្រដល់ការអភិវឌ្ឍមីស៊ីលល្បឿនលឿនជាងសំឡេងរបស់រុស្ស៊ី។
លោក Shiplyuk វ័យ ៥៧ឆ្នាំ ជានាយកនៃវិទ្យាស្ថានវិទ្យាសាស្ត្រស៊ីបេរីជាន់ខ្ពស់មួយរូប ត្រូវបានចាប់ខ្លួននៅក្នុងខែសីហា ឆ្នាំ២០២២។ សហសេវិក ២នាក់របស់លោក គឺលោក Anatoly Maslov និងលោក Valery Zvegintsev ក៏ត្រូវបានឃុំខ្លួនផងដែរ ដោយសង្ស័យពីបទក្បត់ជាតិ។ លោក Maslov វ័យ ៧៨ឆ្នាំត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ១៤ឆ្នាំ ក្នុងខែឧសភា។
សារព័ត៌មាន Reuters មិនអាចទាក់ទងមេធាវីរបស់លោក Shiplyuk ភ្លាមៗបានទេ។ អ្នកទាំង៣ ដែលមកពីសាកលវិទ្យាល័យ Novosibirsk ស្ថិតក្នុងចំណោមអ្នកវិទ្យាសាស្ត្រ ១១រូប ដែលស្រាវជ្រាវបច្ចេកវិទ្យាមីស៊ីលល្បឿនលឿនជាងសំឡេង និងដែលរុស្ស៊ីបានលើកយកករណីក្បត់ជាតិមកចោទប្រកាន់ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕