អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បាននិយាយនៅថ្ងៃអង្គារនេះថា កូរ៉េខាងត្បូង ចាំបាច់ត្រូវបន្ត «បញ្ចុះបញ្ចូល» ប្រទេសចិន ឲ្យយល់ថា ការបង្រួបបង្រួមកូរ៉េទាំងពីរ នឹងមិនត្រឹមតែរួមចំណែកដល់សន្តិភាពពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើដល់ផលប្រយោជន៍របស់ខ្លួនផងដែរ។
លោក Ban បានធ្វើការអត្ថាធិប្បាយក្នុងអំឡុងវេទិកា Global Korea Forum (GKF) ដែលជាវេទិកាសកលដែលរៀបចំឡើងដោយក្រសួងបង្រួបបង្រួម និងរៀបចំឡើង ដើម្បីប្រមូលការគាំទ្រពីអន្តរជាតិសម្រាប់កិច្ចប្រឹងប្រែងរបស់ប្រទេសកូរ៉េខាងត្បូងសម្រាប់ការបង្រួបបង្រួមដោយសន្តិវិធី។
លោក បាន គីមូន បាននិយាយនៅក្នុងសុន្ទរកថាសំខាន់របស់លោកថា៖«វាមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ក្នុងការបញ្ចុះបញ្ចូលប្រទេសចិន និងជប៉ុនថា ការបង្រួបបង្រួម នឹងរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាពពិភពលោក ហើយនឹងផ្តល់អត្ថប្រយោជន៍សម្រាប់ពួកគេ ផងដែរ» ។
អតីតអ្នកការទូតរូបនេះ ក៏បានបញ្ជាក់ពីតម្រូវការសម្រាប់មន្ត្រីកូរ៉េខាងត្បូង ដើម្បីបញ្ចុះបញ្ចូលរដ្ឋាភិបាលចិនថា សម្ព័ន្ធភាពកូរ៉េខាងត្បូង-អាមេរិក មិនមែនជាសត្រូវទេ ហើយទីបំផុត នឹងផ្តល់ផលប្រយោជន៍ដល់សន្តិភាព និងស្ថិរភាព ក្នុងតំបន់។