ឪពុកម្តាយរបស់ក្មេងប្រុស Wisam al-Salafi អាយុ ៦ខែ និយាយថា ពួកគេបានត្រឹមតែឈរមើលកូនប្រុសរបស់ពួកគេប៉ុណ្ណោះ ដោយសារតែពួកគេគ្មានលទ្ធភាពផ្តល់ឱសថ ឬអាហារគ្រប់គ្រាន់ជួយឲ្យកូនរួចផុតពីអង្វះខាតអាហារូបត្ថម្ភធ្ងន់ធ្ងរនេះ ។
ថ្លែងពីផ្ទះតូចកំសត់នៅក្នុងរដ្ឋធានី Sanaa ប្រទេសយេម៉ែន លោក Abdul-Karim al-Salafi គឺជាឪពុករបស់ក្មេងប្រុស Wisam និយាយថា គាត់ត្រូវបានគ្រូពេទ្យនិយាយប្រាប់ថា កូនប្រុសរបស់គាត់ត្រូវការបញ្ជូនទៅកាន់បន្ទប់សង្រ្គោះបន្ទាន់ ។
លោក Abdul-Karim ថា លោកបាននិយាយប្រាប់គ្រូពេទ្យវិញថា លោកគ្មានលទ្ធភាពបញ្ជូនកូនទៅសង្រ្គោះបន្ទាន់នោះទេ លោកគ្មានប្រាក់នោះទេ ហើយថ្លៃព្យាបាលពិតជាខ្ពស់ខ្លាំងណាស់ លោកគ្មានលទ្ធភាពបង់នោះទេ ពីព្រោះថាលោកគ្មានការងារធ្វើ និងគ្មានអ្វីៗទាំងអស់ ។
ចំណែកឯភរិយារបស់លោក Abdul-Karim កំពុងឆាសណ្តែក និងចៀនស៊ុតនៅចង្រ្កានក្បែរនោះ ។ គ្រួសាររបស់លោកនិយាយថា មានស៊ុតទទួលទាន គឺជារឿងសំណាងណាស់ទៅហើយ ប៉ុន្តែពេលខ្លះពួកគេគ្មានវានោះទេ ។
លោក Abdul-Karim និយាយថា នេះគឺជាថ្ងៃដំបូងហើយដែលពួកយើងមានម្ហូបទទួលទានជាមួយស៊ុត ។ ពេលខ្លះពួកយើងហូបតែនំបុ័ងជាមួយទឹកទេ ហើយពេលខ្លះទៀត នំបុ័ងក៏គ្មានផង ។ ពួកយើងឃ្លានខ្លាំងណាស់ ពួកយើងសុខចិត្តអត់ ធ្វើយ៉ាងណាឲ្យតែកូនៗរបស់ពួកយើងបានទទួលទានគ្រប់គ្រាន់ តែវាមិនគ្រប់គ្រាន់នោះទេ ៕


