រដ្ឋមន្រ្តីក្រសួងការពារជាតិអង់គ្លេសលោក John Healey និយាយនៅថ្ងៃអង្គារនេះថា ការផ្អាកអាជ្ញាបណ្ណចំនួន ៣០ក្នុងចំណោមអាជ្ញាបណ្ណ ៣៥០ នាំចេញអាវុធទៅកាន់អ៊ីស្រាអែល មិនផ្លាស់ប្តូរការពិតថា អង់គ្លេសនៅតែជាសម្ព័ន្ធមិត្តដ៏រឹងមាំនោះទេ ។
ការនាំចេញរបស់អង់គ្លេស ស្មើនឹងតិចជាង ១ភាគរយនៃអាវុធសរុបដែលអ៊ីស្រាអែលទទួលបាន ហើយលោក Healey និយាយថា ការផ្អាកនេះ នឹងមិនមានផលប៉ះពាល់គ្រឿងយុទ្ធោបករណ៍លើសន្តិសុខអ៊ីស្រាអែលនោះទេ ហើយអង់គ្លេស នឹងបន្តគាំទ្រសិទ្ធិរបស់ពួកគេក្នុងការការពារខ្លួន ។
កាលពីថ្ងៃចន្ទម្សិលមិញ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោកYoav Gallant បានរិះគន់ការសម្រេចបែបនេះ ដោយលោកនិយាយថា លោកខកចិត្តជាខ្លាំងជុំវិញទណ្ឌកម្មដែលដាក់ដោយរដ្ឋាភិបាលអង់គ្លេសលើអាជ្ញាបណ្ណនាំចេញដល់អង្គភាពវិស័យការពារជាតិរបស់អ៊ីស្រាអែល ។
គួររំឭកថា ការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដោយក្រុមជីវពលហាម៉ាស់ ដែលបង្កឲ្យមានសង្រ្គាមនៅហ្កាហ្សា បានសម្លាប់មនុស្សប្រហែល ១.២០០នាក់ ភាគច្រើននៃពួកគេគឺជាជនស៊ីវិល ។
ដោយឡែកក្រសួងសុខាភិបាលហ្កាហ្សានិយាយថា យុទ្ធនាការយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់រហូតមកដល់ពេលនេះ បានសម្លាប់មនុស្សជាង ៤០.៧០០នាក់នៅតំបន់ហ៊ុមព័ទ្ធនេះ ដែលភាគច្រើននៃពួកគេគឺជាស្ត្រី និងកុមារ ៕