នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នឹងធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូល ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកញ្ញា ដើម្បីមានកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol។
មេដឹកនាំទាំង២ នឹងពិនិត្យមើលវឌ្ឍនភាពលើកិច្ចខិតខំប្រឹងប្រែង ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងធ្វើឲ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូ រវាងប្រជាជាតិរបស់ពួកគេ។
នៅថ្ងៃអង្គារ (ទី៣ ខែកញ្ញា) នេះ ការិយាល័យរបស់លោក Yoon បានឲ្យដឹងថា៖ «ភាគីទាំង២ នឹងពិនិត្យមើលឡើងវិញនូវសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការដែលប្រទេសទាំង២ បានធ្វើតាមរយៈកិច្ចប្រជុំកំពូលចំនួន ១១លើក និងពិភាក្សាអំពីទិសដៅអនាគតនៃការអភិវឌ្ឍលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងតំបន់ និងពិភពលោក»។
គួរបញ្ជាក់ថា គិតចាប់តាំងពីចូលកាន់តំណែង ក្នុងឆ្នាំ២០២២ លោក Yoon បានយកការជួបប្រជុំគ្នាជាអាទិភាពការទូត ដើម្បីកែលម្អទំនាក់ទំនងជាមួយប្រទេសជប៉ុន និងធ្វើឲ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ដើម្បីដោះស្រាយជាមួយការគំរាមកំហែងផ្នែកយោធារបស់កូរ៉េខាងជើង ដោយនាំមកនូវភាពការផ្សះផ្សា ក្នុងទំនាក់ទំនងដែលជាញឹកញាប់តែងជួបនឹងភាពមិនស្រណុក រវាងប្រទេសជិតខាងទាំង២។
វិធីដ៏វៃឆ្លាតរបស់លោក Yoon នេះ ក៏បានត្រួសត្រាយផ្លូវផងដែរ ដើម្បីឲ្យកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគី ដោយបានបញ្ចប់នៅក្នុងកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រ រវាងមេដឹកនាំទាំង៣ នៅវិមានសម្រាកលំហែ Camp David ក្នុងឆ្នាំ២០២៣៕