ក្រុមហ៊ុនអាកាសចរណ៍ Lufthansa របស់ប្រទេសអាល្លឺម៉ង់ នឹងចាប់ផ្ដើមជើងហោះហើររបស់ខ្លួនឡើងវិញទៅកាន់ទីក្រុង Tel Aviv ចាប់ពីថ្ងៃព្រហស្បតិ៍ (ទី៥ ខែកញ្ញា) តទៅ។ នេះបើយោងតាមការផ្ដល់បច្ចុប្បន្នភាពពីក្រុមហ៊ុននេះ ពោលគឺជាក្រុមហ៊ុន ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍មួយចំនួន ដែលកែប្រែកាលវិភាគរបស់ពួកគេ ចំពេលមានការភ័យខ្លាចអំពីការរីករាលដាលនៃជម្លោះ នៅតំបន់មជ្ឈិមបូព៌ា។
ក្រុមហ៊ុនអាកាសចរណ៍ បានប្រកាសកាលពីដើមខែសីហាថា ខ្លួនកំពុងផ្អាកជើងហោះហើរទៅកាន់ទីក្រុងរបស់អ៊ីស្រាអែលមួយនេះ ដោយបានបន្តវិធានការផ្អាកម្តងហើយម្តងទៀតរហូតដល់ពេលនេះ និងរួមទាំងរហូតដល់ថ្ងៃទី៤ ខែកញ្ញាផងដែរ។
ជាមួយគ្នានេះ នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីម៉ែល (សារអេឡិកត្រូនិក) កាលពីល្ងាចថ្ងៃចន្ទ (ទី២ ខែកញ្ញា) ក្រុមហ៊ុន Lufthansa បានឲ្យដឹងថា ជើងហោះហើររបស់ខ្លួនទៅកាន់រដ្ឋធានីបេរូតនៃប្រទេសលីបង់ នឹងនៅតែផ្អាករហូតដល់ថ្ងៃទី៣០ ខែកញ្ញា។
គួរបញ្ជាក់ថា សង្គ្រាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ដែលបង្កឡើងដោយការវាយប្រហាដ៏រន្ធត់ពីសំណាក់ក្រុមសកម្មប្រយុទ្ធមួយនេះ ក្នុងខែតុលា ឆ្នាំ២០២៣ បានបង្កឲ្យមានអរិភាពក្នុងពេលដំណាលគ្នា រវាងយោធាអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលនាំឲ្យមានការព្រួយបារម្ភថា ជម្លោះក្នុងតំបន់កាន់តែរីករាលដាលធំឡើងៗ៕