អង្គការសុខភាពពិភពលោក(WHO)បាននិយាយថា នៅថ្ងៃអង្គារនេះ ពួកគេនៅបន្តគោលដៅសម្រាប់ការផ្តល់វ៉ាក់សាំងបង្ការជំងឺស្វិតដៃជើង និងសម្រេចបានប្រហែល ១ភាគ៤នៃកុមារអាយុក្រោម ១០ឆ្នាំ ។
យុទ្ធនាការផ្តល់វ៉ាក់សាំងបង្ការដែលត្រូវបានពន្លឿន ក្រោយរកឃើញករណីជំងឺស្វិតដៃជើងលើកដំបូងលើទារកហ្កាហ្សាកាលពីខែមុននោះ គឺផ្អែកការផ្អាកសង្រ្គាមប្រចាំថ្ងៃរយៈពេល ៨ម៉ោងរវាងអ៊ីស្រាអែល និងក្រុមជីវពលហាម៉ាស់ នៅតាមតំបន់កំណត់ជាក់លាក់នៃដែនដីឡោមព័ទ្ធមួយនេះ ។
លោក Rik Peeperkorn គឺជាអ្នកតំណាង WHOសម្រាប់ដែនដីកាន់កាប់ប៉ាឡេស្ទីនមួយនេះ និយាយប្រាប់អ្នកសារព័ត៌មានថា ពួកគេបានផ្តល់វ៉ាក់សាំងដល់កុមារជាង ១៦១.០០០នាក់ ក្រោមអាយុ ១០ឆ្នាំ នៅតំបន់ភាគកណ្តាល អំឡុងរយៈពេល ២ថ្ងៃដំបូងនៃយុទ្ធនការ ពោលគឺសម្រេចបានលើសគោលដៅ ១៥ម៉ឺននាក់ ។
លោកនិយាយថា បរិមាណនេះ ស្មើនឹងប្រហែល ១ភាគ៤នៃចំនួនកុមារសរុបដែលមានគោលដៅក្នុងយុទ្ធនាការ ដើម្បីបញ្ឈប់ការរីករាលដាលជំងឺ ដែលអាចបណ្តាលឲ្យខ្វិន ឬអាចបណ្តាលឲ្យស្លាប់បានសម្រាប់កុមារក្មេងៗ ។
លោកបន្តថា ក្រុមសុខភាពនឹងបន្តធ្វើដំណើរទៅកាន់តំបន់ភាគខាងត្បូងហ្កាហ្សា នាពេលក្រោយក្នុងសប្តាហ៍នេះ ជាទីដែលពួកគេមានគោលដៅសម្រេចឲ្យបានការផ្តល់វ៉ាក់សាំងដល់កុមារ ៣៤ម៉ឺននាក់បន្ថែមទៀត បន្ទាប់មកគឺតំបន់ភាគខាងជើងហ្កាហ្សា ៕


