អ្នកនាំពាក្យឆ្មាំល្បាតសមុទ្របារាំង នៅថ្ងៃអង្គារ (ទី៣ ខែកញ្ញា) នេះ បាននិយាយថា យ៉ាងហោចណាស់ជនអន្តោប្រវេសន៍ចំនួន ១០នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីទូកដឹកពួកគេបានក្រឡាប់នៅតាមផ្លូវឆ្លងកាត់ផ្លូវទឹកពីប្រទេសបារាំងទៅកាន់ចក្រភពអង់គ្លេស ដោយប្រតិបត្តិការដ៏ធំមួយកំពុងដំណើរការទៅ ដើម្បីជួយសង្គ្រោះមនុស្សជាង ៥០នាក់។
យោងតាមសម្ដីរបស់អភិបាលតំបន់ ដែលត្រូវដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយ France 3 បានឲ្យដឹងថា ជនអន្តប្រវេសន៍ប្រហែល ១០នាក់ស្ថិតក្នុងស្ថានភាពគាំងបេះដូង។
គួរបញ្ជាក់ថា ការដោះស្រាយបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ ជាអាទិភាពចម្បង សម្រាប់ទាំងរដ្ឋាភិបាលអង់គ្លេស និងបារាំង។ មនុស្សរាប់ពាន់នាក់បានទោដល់ប្រទេសអង់គ្លេសក្នុងឆ្នាំនេះ ដោយធ្វើដំណើរតាមទូក។ កាលពីសប្តាហ៍មុន ប្រធានាធិបតីបារាំង Emmanuel Macron និងនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បានសន្យាថា នឹងធ្វើការកាន់តែជិតស្និទ្ធជាមួយគ្នា ដើម្បីរុះរើផ្លូវរត់ពន្ធជនអន្តោប្រវេសន៍។
ផ្លូវទឹកនេះ គឺជាផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោក ហើយចរន្តទឹកមានកម្លាំងខ្លាំង ដែលធ្វើឲ្យការឆ្លងកាត់តាមទូកតូចៗ មានគ្រោះថ្នាក់។ កាលពីខែសីហា មនុស្ស ២នាក់ ត្រូវបានគេរកឃើញថា ស្លាប់បន្ទាប់ពីទូកដឹកជនអន្តោប្រវេសន៍ដែលព្យាយាមឆ្លងកាត់ផ្លូវទឹកនេះ បានជួបការលំបាក៕