សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារ ៣ កញ្ញា សប្ដាហ៍នេះថា ដល់ពេលដែលត្រូវសម្រេចបានកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីបញ្ចប់សង្រ្គាមនៅដែនដីហ្កាហ្សា ហើយ បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានបដិសេធមិនព្រមចុះចាញ់នឹងសម្ពាធ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាត់ធូ មីល័រ (Matthew Miller) បាននិយាយមួយថ្ងៃបន្ទាប់ពីលោក Netanyahu ប្ដេជ្ញាបង្កើនកម្ដៅសង្រ្គាម ទោះបីមានសម្ពាធក្នុងស្រុក និងអន្តរជាតិកបន្ទាប់ពីយោធាអ៊ីស្រាអែលបានរកឃើញសាកសពចំណាប់ខ្មាំង៦ នាក់ ដែលត្រូវបានសម្លាប់ពីដែនដីប៉ាឡេស្ទីន បំផ្លិចបំផ្លាញដោយសង្រ្គាម។

លោក មីល័រ បាននិយាយថា មានចំណាប់ខ្មាំងរាប់សិបនាក់នៅសេសសល់ក្នុងទឹកដីហ្កាហ្សា កំពុងរង់ចាំកិច្ចព្រមព្រៀងដែលនឹងនាំពួកគេមកផ្ទះវិញ។ដល់ពេលដែលត្រូវសម្រេចបានកិច្ចព្រមព្រៀងនោះហើយ ។

ប្រជាជនអ៊ីស្រាអែល មិនអាចអត់ធ្មត់រង់ចាំបានទៀតទេ។ ប្រជាជនប៉ាឡេស្ទីន ដែលកំពុងរងទុក្ខពីឥទ្ធិពលដ៏អាក្រក់នៃសង្រ្គាមនេះ ក៏មិនអាចរង់ចាំបានតទៅទៀតដែរ។ ពិភពលោកមិនអាចរង់ចាំទៀតទេ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក រូបនេះបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងធ្វើការក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ជាមួយក្រុមអ្នកសម្របសម្រួលអេហ្ស៊ីប និងកាតា ដើម្បីជំរុញឱ្យសម្រេចបានកិច្ចព្រមព្រៀងចុងក្រោយ ក្នុងការបញ្ឈប់សោកនាដកម្មនៅដែនដីហ្កាហ្សា និងការតឡប់មកផ្ទះវិញរបស់ក្រុមចំណាប់ខ្មាំងទាំងអស់៕