មនុស្សជាង ៥០នាក់បានស្លាប់ និងយ៉ាងហោចណាស់ ២៧១នាក់បានរងរបួសនៅពេលរុស្ស៊ី បានវាយប្រហារវិទ្យាស្ថានយោធាមួយនៅក្នុងទីក្រុង ផុលតាវ៉ា (Poltava) ភាគកណ្តាលរបស់អ៊ុយក្រែន ជាមួយនឹងមីស៊ីលបាលិស្ទិកចំនួនពីរគ្រាប់កាលពីថ្ងៃអង្គារ (០៣ កញ្ញា) ដែលជាការវាយប្រហារដ៏បង្ហូរឈាមបំផុតក្នុងសង្រ្គាមឆ្នាំនេះ។
លោកប្រធានាធិបតី វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelenskiy) បាននិយាយនៅលើកម្មវិធីផ្ញើសារតេលេក្រាមថា «រុស្ស៊ីនឹងទទួលខុសត្រូវចំពោះការវាយប្រហារនេះ»។

លោកបានបញ្ជាឱ្យមានការស៊ើបអង្កេតភ្លាមៗ ដោយនិយាយថាការវាយប្រហារបានបំផ្លាញអគារវិទ្យាស្ថានទំនាក់ទំនងយោធា។

សេវាសង្គ្រោះបន្ទាន់ដំបូងឡើយបាននិយាយថាអ្នកស្លាប់មានចំនួន ៥០នាក់ ប៉ុន្តែនៅក្នុងវីដេអូពេលយប់របស់ខ្លួន លោក Zelenskiy បានលើកឡើងថា អ្នកស្លាប់ឡើងដល់ចំនួន ៥១នាក់។

កងកម្លាំងជើងគោករបស់អ៊ុយក្រែន បាននិយាយថាបុគ្គលិកយោធាត្រូវបានសម្លាប់ ដោយមិនបានបញ្ជាក់ថាតើជនរងគ្រោះមានប៉ុន្មាននាក់មកពីកងកម្លាំងប្រដាប់អាវុធទេ។ ការវាយប្រហារនេះគឺជាផលប៉ះពាល់ដ៏ធំមួយសម្រាប់ទីក្រុងគីវ ខណៈខ្លួនព្យាយាមពង្រឹងជួរកងទ័ពដើម្បីទប់ទល់នឹងសត្រូវដ៏ខ្លាំងក្លា។
ក្រសួងការបរទេសអ៊ុយក្រែននិយាយថា ការប្រើប្រាស់មីស៊ីលបាលិស្ទិក ដែលវាយប្រហារគោលដៅរាប់រយគីឡូម៉ែត្រក្នុងពេលត្រឹមតែប៉ុន្មាននាទីនៃការបាញ់ មានន័យថា ជនរងគ្រោះមានពេលតិចតួចណាស់ក្នុងការស្វែងរកជម្រកគេចពីការវាយប្រហារតាមអាកាសនោះ បន្ទាប់ពីសំឡេងស៊ីរ៉ែនព្រមានបន្លឺឡើង៕