សហរដ្ឋអាមេរិកបានខិតជិតដល់ការយល់ព្រមផ្គត់ផ្គង់អ៊ុយក្រែនមីស៊ីលរយៈចម្ងាយឆ្ងាយឲ្យទៅអ៊ុយក្រែន ទោះមានការព្រមានពីរុស្ស៊ីថា សកម្មភាពនេះនឹងនាំឱ្យមានភាពតានតឹងកើនឡើងក៏ដោយ។

ទោះមានការស្ទាក់ស្ទើរកាលពីដើមឡើយរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែនក៏ដោយ ប្រភពព័ត៌មានដែលបានដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអង្គារបាននិយាយថា ខណៈពេលនេះសហរដ្ឋអាមេរិក ជិតឈានដល់ការយល់ព្រម បញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយទៅកាន់អ៊ុយក្រែនហើយ។ ទោះយ៉ាងណាក៏ដោយ ការដឹកជញ្ជូនអាវុធទាំងនោះអាចស៊ីពេលរាប់ខែ។ កិច្ចព្រមព្រៀងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយនឹងដើរតាមការយល់ព្រមបន្តិចម្តងៗរបស់រដ្ឋបាលលោក Biden ក្នុងការផ្តល់រថក្រោះ និងយន្តហោះចម្បាំង របស់អាមេរិកដល់អតីតសាធារណរដ្ឋសូវៀតមួយនេះ ដែលកំពុងប្រយុទ្ធជាមួយរុស្ស៊ី។

មន្ត្រីអាមេរិក៣រូប សុំមិនបញ្ចេញឈ្មោះបាននិយាយថា ការដាក់បញ្ចូលទាំងមីស៊ីល JASSM នៅក្នុងការដឹកជញ្ជូនអាវុធនាពេលខាងមុខទៅឲ្យក្រុងKiev ត្រូវគេរំពឹងថានឹងត្រូវបានប្រកាស។
មន្ត្រីទាំងនោះបាននិយាយថា ការបញ្ជូនមីស៊ីល JASSMs ទៅកាន់អ៊ុយក្រែន អាចនាំឲ្យមានការផ្លាស់ប្តូរទិដ្ឋភាពយុទ្ធសាស្ត្រនៃសង្រ្គាមដ៏សំខាន់ ដោយការដាក់រុស្ស៊ីឱ្យស្ថិតនៅក្នុងជួរនៃការវាយប្រហារគ្រាប់បែកកំណត់គោលដៅជាក់លាក់កាន់តែច្រើនថែមទៀត ដែលជាក្ដីកង្វល់ដ៏ធំរបស់រដ្ឋបាលលោកBiden ខ្លាចថាមានការរីកធំនៃសង្រ្គាមជាមួយរុស្ស៊ី៕