ប្រេសិតប្រចាំអង្គការសហប្រជាជាតិរបស់ប្រទេសស្លូវេនី ដែលជាប្រធានក្រុមប្រឹក្សាប្រចាំខែកញ្ញានេះ បាននិយាយថា ភាពអត់ធ្មត់នឹងពុំមានទៀតទេ ក្នុងចំណោមសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយស្ថាប័នដែលមានសមាជិក១៥រូបទំនងជានឹងពិចារណាមានចំណាត់ការ ប្រសិនបើបទឈប់បាញ់ ពុំអាចត្រូវបានសម្របសម្រួលក្នុងពេលឆាប់ៗនេះ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប។

លោក Samuel Zbogar ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់ប្រទេសស្លូវេនី បាននិយាយថា មានភាពអន្ទះសារកើនឡើង នៅក្នុងក្រុមប្រឹក្សាដែលខ្លួនត្រូវតែមានចំណាត់ការណាមួយ ដើម្បីនាំមកនូវបទឈប់បាញ់។
លោកបាននិយាយទៅកាន់អ្នកសារព័ត៌មានថា លោកប្រាកដណាស់ថា នៅក្នុងខែកញ្ញានេះ ត្រូវតែរកវិធីផ្សេងទៀត ព្រោះលោកគិតថា ភាពអត់ធ្មត់ អស់ហើយ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃអង្គារ បានចោទសួរពីរបៀបដែលភាគីជម្លោះនៅតំបន់ហ្កាហ្សា អាចព្រមព្រៀងផ្អាកប្រយុទ្ធដើម្បីអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងដល់កុមារប៉ាឡេស្ទីនប្រហែល ៦៤០.០០០នាក់ដើម្បីប្រយុទ្ធប្រឆាំងជំងឺស្វិតដៃជើង ប៉ុន្តែការផ្អាក ពុំមែនជាបទឈប់បាញ់នោះទេ។
អ្នកនាំពាក្យ លោក Stephane Dujarric បាននិយាយថា ប្រសិនបើភាគីនានា អាចធ្វើសកម្មភាពដើម្បីការពារកុមារពីវីរុសដ៏សាហាវ ពួកគេប្រាកដជាអាច និងត្រូវតែធ្វើសកម្មភាពដើម្បីការពារកុមារ និងប្រជាជនស្លូតត្រង់ទាំងអស់ពីភាពភ័យខ្លាចនៃសង្គ្រាម។