សហរដ្ឋអាមេរិក បានប្រកាសពីការចោទប្រកាន់បទព្រហ្មទណ្ឌកាលពីថ្ងៃអង្គារ (០៣ កញ្ញា) ប្រឆាំងនឹងបណ្ដាមេដឹកនាំរបស់ក្រុមហាម៉ាស ជុំវិញតួនាទីរបស់ពួកគេក្នុងការរៀបផែនការ គាំទ្រ និងប្រព្រឹត្តិការវាយប្រហារដ៏បង្ហូរឈាមកាលពីថ្ងៃទី០៧ ខែតុលា នៅភាគខាងត្បូងអ៊ីស្រាអែល។

បទចោទលើលោក យ៉ាយ៉ា ស៊ីនវ៉ា (Yahya Sinwar) ដែលជាប្រធានក្រុមហាម៉ាស និងមេដឹកនាំ ៥នាក់ផ្សេងទៀត បានចោទពួកគេពីបទរៀបចំការវាយប្រហារថ្ងៃទី០៧ ខែតុលា ដែលបានសម្លាប់មនុស្ស ១.២០០នាក់ រួមទាំងជនជាតិអាមេរិកជាង ៤០នាក់។ ការវាយប្រហារនោះបានបង្កឱ្យមានសង្រ្គាមរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ដែលសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៤០.៨០០នាក់។

បណ្តឹងនេះដាក់ឈ្មោះជនជាប់ចោទ ៦នាក់ ដោយក្នុងនោះ ៣នាក់បានស្លាប់ ។ ចុងចោទដែលនៅរស់រួមមាន លោក Sinwar ដែលគេជឿថាកំពុងលាក់ខ្លួននៅហ្កាហ្សា លោក ខាលីដ មេស្ហាល់ (Khaled Meshaal) ដែលមានមូលដ្ឋាននៅទីក្រុងដូហា និងជាប្រធានការិយាល័យជនភៀសខ្លួនហាម៉ាស និងលោក អាលី បារ៉ាខា (Ali Baraka) មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាសដែលមានមូលដ្ឋាននៅលីបង់។
ចុងចោទដែលបានស្លាប់រួមមាន អតីតមេក្រុមហាម៉ាស លោក អ៊ីស្មែល ហានីយេ (Ismail Haniyeh) ប្រធានស្លាបយោធា លោក មូហាម៉េដ ដេហ្វ (Mohammed Deif) និងលោក ម៉ាវ៉ាន់ អ៊ីសា (Marwan Issa) មេបញ្ជាការរងយោធាក្រុមហាម៉ាស។ មន្ត្រីក្រសួងយុត្តិធម៌បានឱ្យដឹងថា រដ្ឋអាជ្ញាអាមេរិកបានធ្វើការចោទប្រកាន់លើអ្នកទាំង ៦នាក់កាលតាំងតែពីខែកុម្ភៈ ប៉ុន្តែមិនបង្ហាញជាសារធារណៈទេដោយសង្ឃឹមថានឹងអាចចាប់ខ្លួនលោក Haniyeh បាន៕