ក្រុមមន្ត្រីប៉ាឡេស្ទីននិយាយថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣៥នាក់នៅទូទាំងតំបន់ហ្កាហ្សា កាលពីថ្ងៃអង្គារ (០៣ កញ្ញា) ក្នុងពេលប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធដែលដឹកនាំដោយក្រុមហាម៉ាស ទោះជាមានការផ្អាកប្រយុទ្ធតាមតំបន់ខ្លះក៏ដោយ ប៉ុន្តែភាពស្ងប់ស្ងាត់រយៈពេលខ្លីនោះបានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងជំងឺស្វិតដៃជើងដល់កុមារនៅថ្ងៃទីបី។

យោធាអ៊ីស្រាអែលនិយាយថា ការវាយប្រហារនោះបានផ្តោតលើក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលប្រតិបត្តិការពីមជ្ឈមណ្ឌលបញ្ជាមួយបង្កប់នៅក្នុងអតីតមហាវិទ្យាល័យណាម៉ា (Nama) ហើយខ្លួនបានសម្លាប់ខ្មាន់កាំភ្លើងជនជាតិប៉ាឡេស្ទីនចំនួន ៨នាក់ រួមទាំងមេបញ្ជាការជាន់ខ្ពស់ក្រុមហាម៉ាស ដែលចូលរួមក្នុងការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា លើអ៊ីស្រាអែល ជិតមន្ទីរពេទ្យ អាល់អាលី អារ៉ាប់ (Al-Ahli Arab) ក្នុងក្រុងហ្កាហ្សា។

ស្លាបប្រដាប់អាវុធក្រុមហាម៉ាស និងជីហាតអ៊ីស្លាមនិយាយថា ពួកគេប្រយុទ្ធជាមួយកងកម្លាំងអ៊ីស្រាអែលនៅជាយក្រុង ហ្ស៊ីទួន (Zeitoun) របស់ហ្កាហ្សា ហើយក៏នៅក្រុងរ៉ាហ្វា (Rafah) និង ខាន់យូនីស (Khan Younis) នៅភាគខាងត្បូងផងដែរ។ ទោះជាមានការប្រយុទ្ធដ៏ខ្លាំងក្លានេះក្ដី អង្គការសុខភាពពិភពលោក (WHO) និយាយថាខ្លួនមានសម្រេចគោលដៅក្នុងការចាក់ថ្នាំបង្ការជំងឺស្វិតដៃជើងនៅហ្កាហ្សានៅថ្ងៃអង្គារ ដែលជាថ្ងៃទី៣នៃយុទ្ធនាការដ៏ធំមួយនេះ។

ពលរដ្ឋប៉ាឡេស្ទីននិយាយថា ហេតុផលសំខាន់សម្រាប់ការវិលត្រលប់មកវិញនៃជំងឺស្វិតដៃជើងនេះគឺមកពីការដួលរលំនៃប្រព័ន្ធសុខាភិបាល និងការបំផ្លិចបំផ្លាញមន្ទីរពេទ្យភាគច្រើននៅហ្កាហ្សា។ អ៊ីស្រាអែលចោទក្រុមហាម៉ាសថាប្រើប្រាស់មន្ទីរពេទ្យក្នុងបំណងយោធា ប៉ុន្តែក្រុមអ៊ិស្លាមនិយមមួយនេះបដិសេធ៕