គណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានចេញដីកាកោះហៅរដ្ឋមន្ត្រីការបរទេស លោក អង់តូនី ប្លីងខិន (Antony Blinken) កាលពីថ្ងៃអង្គារ (០៣ កញ្ញា) ដោយនិយាយថាលោកធ្លាប់បានបដិសេធមិនបង្ហាញខ្លួននៅចំពោះមុខគណៈកម្មាធិកាដើម្បីផ្តល់សក្ខីកម្មជុំវិញការដកទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន ក្នុងខែសីហា ឆ្នាំ២០២១។

នៅក្នុងលិខិតមួយអំពីដីកាកោះហៅនេះ ប្រធានគណៈកម្មាធិការ លោក ម៉ៃខល មែកខូល (Michael McCaul) បាននិយាយថា លោក Blinken ត្រូវតែបង្ហាញខ្លួននៅចំពោះមុខគណៈកម្មាធិការនៅថ្ងៃទី១៩ ខែកញ្ញា បើមិនដូច្នេះទេនឹងប្រឈមការចោទប្រកាន់ពីបទមើលងាយសភា។

អ្នកនាំពាក្យក្រសួងការបរទេស លោក ម៉ាស៊ូ មីលឡឺ (Matthew Miller) បាននិយាយថា លោក Blinken បច្ចុប្បន្នមិនទំនេរសម្រាប់ផ្តល់សក្ខីកម្មលើកាលបរិច្ឆេទនោះទេ ប៉ុន្តែបានស្នើ «ជម្រើសដ៏សមហេតុផល» ដើម្បីអនុវត្តតាមសំណើរបស់លោក McCaul សម្រាប់សវនាការសាធារណៈ។
អ្នកនាំពាក្យរូបនេះបន្តថា លោក Blinken ធ្លាប់បានផ្តល់សក្ខីកម្មនៅចំពោះមុខសភាស្តីពីបញ្ហាអាហ្វហ្គានីស្ថាននេះច្រើនជាង ១៤ដង រួមទាំង ៤ដងនៅចំពោះមុខគណៈកម្មាធិការរបស់លោក McCaul ។ លោកបន្ថែមថា រដ្ឋបានផ្តល់ឱ្យគណៈកម្មាធិការនូវកំណត់ត្រាក្រសួងជិត ២០.០០០ទំព័រ របាយការណ៍កម្រិតខ្ពស់ជាច្រើន និងអត្ថបទសម្ភាសន៍ផ្សេងទៀត។
លោក McCaul កាលពីខែឧសភា ធ្លាប់បានស្នើឱ្យលោក Blinken ត្រូវបង្ហាញខ្លួននៅក្នុងសវនាការក្នុងខែកញ្ញា លើរបាយការណ៍របស់គណៈកម្មាធិការស្តីពីការស៊ើបអង្កេតរបស់ខ្លួនអំពីការដកទ័ពចេញពីអាហ្វហ្គានីស្ថាន។
នៅក្នុងលិខិតរបស់ខ្លួនទៅកាន់លោក Blinken ប្រធានគណៈកម្មាធិការបក្សសាធារណរដ្ឋរូបនេះនិយាយថា ក្រុមមន្ត្រីក្រសួងការបរទេសបច្ចុប្បន្ន និងអតីត បានបញ្ជាក់ថាលោក Blinken គឺជា «អ្នកសម្រេចចិត្តចុងក្រោយ» លើការដកខ្លួន និងការជម្លៀសចេញនោះ៕