មន្ត្រីគ្រោះមហន្តរាយ បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសឥណ្ឌាកំពុងបង្កើតប្រព័ន្ធព្រមានបច្ចេកវិទ្យាខ្ពស់ នៅបឹងទឹកកកតំបន់ភ្នំហិម៉ាឡៃជិត២០០កន្លែង ដែលមានហានិភ័យនៃការបាក់ច្រាំងទន្លេ ជាការគំរាមកំហែងធ្ងន់ធ្ងរ ដោយបម្រែបម្រួលអាកាសធាតុ។

តំបន់ភ្នំហិម៉ាឡៃ របស់ប្រទេសឥណ្ឌា មានបឹងទឹកកកយ៉ាងហោចណាស់៧.៥០០កន្លែង ដែលភាគច្រើនបង្កហានិភ័យនៃទឹកជំនន់គំហុកដ៏គ្រោះថ្នាក់។
ក្រុមការងារ មកពីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិប្រទេសឥណ្ឌា (NDMA) កំពុងកំណត់គោលដៅនៅបឹង ចំនួន១៩០កន្លែង ដែលត្រូវបានគេចាត់ទុកថាមានគ្រោះថ្នាក់បំផុត នៅក្នុងបេសកកម្ម ដែលគ្រោងនឹងចំណាយពេល៣ឆ្នាំ។

លោក Safi Ahsan Rizvi មន្ត្រីជាន់ខ្ពស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិប្រទេសឥណ្ឌា (NDMA) ដឹកនាំបេសកកម្ម បានប្រាប់សារព័ត៌មាន AFP ថា យើងបានបោះជំហានដ៏សំខាន់រួចហើយ ក្នុងការកាត់បន្ថយហានិភ័យ។
បឹងទាំងនេះកើតឡើងដោយការថយចុះនៃផ្ទាំងទឹកកក ជាបាតុភូតធម្មជាតិ ដោយសីតុណ្ហភាពកាន់តែក្តៅឡើងបណ្តាលមកពីបម្រែបម្រួលអាកាសធាតុបង្កឡើងដោយមនុស្ស។
បច្ចុប្បន្នបេសកកម្មមួយកំពុងធ្វើការដើម្បីដំឡើងប្រព័ន្ធព្រមានជាមុន នៅជុំវិញបឹងមានហានិភ័យខ្ពស់ចំនួន៦កន្លែងនៅក្នុងរដ្ឋ Sikkim ភាគឦសាន ដែលមានមនុស្សយ៉ាងហោចណាស់៧៧នាក់បានស្លាប់ដោយសារទឹកជំនន់កាលពីខែតុលា ឆ្នាំ ២០២៣ ។
ក្រុមបេសកកម្ម រួមមានអ្នកជំនាញមកពីកងទ័ព និងទីភ្នាក់ងាររដ្ឋាភិបាលចម្រុះ រួមទាំងអង្គការស្រាវជ្រាវអវកាសឥណ្ឌា អ្នកភូគព្ភសាស្ត្រ ធារាសាស្ត្រ វិស្វករ និងអ្នកឯកទេសអាកាសធាតុ។