យោងតាមទិន្នន័យបឋមពីទីភ្នាក់ងារត្រួតពិនិត្យអាកាសធាតុរបស់សហភាពអឺរ៉ុប មើលឃើញដោយសារព័ត៌មាន AFP កាលពីថ្ងៃអង្គារ (០៣ កញ្ញា) បានបង្ហាញថា ពិភពលោកបានជួបប្រទះសីតុណ្ហភាពជាមធ្យមខ្ពស់បំផុតក្នុងកំណត់ត្រាខែសីហា សម្រាប់ឆ្នាំទីពីរជាប់ៗគ្នា។

ខណៈពេលដែលសីតុណ្ហភាពជាមធ្យមពិតប្រាកដសម្រាប់ខែសីហា ឆ្នាំ២០២៤ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយ សេវាបម្រែបម្រួលអាកាសធាតុ ខនភើនីខឺស (Copernicus) ឬហៅថា C3S របស់អឺរ៉ុប បានអះអាងរួចហើយថាវានឹងលើសពីកំណត់ត្រា ១៦,៨២អង្សាសេ ដែលវាស់បានក្នុងខែសីហា ឆ្នាំ២០២៣។

អ្នកវិទ្យាសាស្ត្រព្រមានថា សីតុណ្ហភាពដែលមិនធ្លាប់មានពីមុនមកនេះ ភាគច្រើនត្រូវបានជំរុញដោយបម្រែបម្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស ហើយបណ្តាលឱ្យមានព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរកាន់តែញឹកញាប់ និងខ្លាំងក្លាជាងមុន។ អូស្ត្រាលី ជប៉ុន ខេត្តមួយចំនួនរបស់ចិន និងប្រជុំកោះ ស្វាបាត (Svalbard) តំបន់អាកទិក (Arctic) របស់ន័រវេស សុទ្ធតែបានជួបប្រទះខែសីហាក្តៅបំផុតក្នុងកំណត់ត្រារបស់ខ្លួន នេះបើយោងតាមភ្នាក់ងារឧតុនិយមរបស់ទីតាំងទាំងនោះ។

មានតែខែកក្កដា ឆ្នាំ២០២៤ ប៉ុណ្ណោះដែលត្រូវបាន C3S កត់ត្រាថាមានអាកាសធាតុទាបជាងខែកក្កដា ឆ្នាំ២០២៣ បន្តិច ប៉ុន្តែទីភ្នាក់ងារអាកាសធាតុអាមេរិក NOAA ជឿថាខែកក្កដា ឆ្នាំ២០២៤ នេះជាខែក្តៅបំផុតមួយទៀតក្នុងកំណត់ត្រា។ នៅដើមខែសីហា C3S បានព្រមានរួចហើយថា ឆ្នាំ២០២៤នេះ «មានលទ្ធភាពកាន់តែខ្ពស់» ក្នុងការក្លាយជាឆ្នាំក្ដៅបំផុតរបស់ពិភពលោកលើសកំណត់ត្រាឆ្នាំ២០២៣៕