ទាហានជើងចាស់ និងជាអតីតមន្រ្តីជាន់ខ្ពស់ម្នាក់របស់អ៊ីស្រាអែល កាលពីថ្ងៃអង្គារ (០៣ កញ្ញា) បានរិះគន់ខ្លាំងៗលើលោកនាយករដ្ឋមន្រ្តី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ជុំវិញជំហរបទឈប់បាញ់ហ្កាហ្សា ដោយនិយាយថា អ៊ីស្រាអែលមិនចាំបាច់រក្សាកងទ័ពនៅតាមតំបន់ព្រំដែនភាគខាងត្បូងហ្កាហ្សាសម្រាប់ហេតុផលសន្តិសុខទេ ហើយក៏មិនគួរប្រើរឿងនេះជាលេសដើម្បីរារាំងកិច្ចព្រមព្រៀងនាំយកចំណាប់ថ្នូរពីតំបន់ហ្កាហ្សាស្រ្ទីប មកវិញដែរ។

លោក បេននី ហ្កាន់ស៍ (Benny Gantz) អតីតឧត្តមសេនីយ និងជាប្រធានបុគ្គលិក ដែលធ្លាប់ជាផ្នែកមួយនៃគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់លោក Netanyahu រហូតដល់លោកលាលែងពីតំណែងក្នុងខែមិថុនា បាននិយាយថា អ៊ីរ៉ង់ ទើបជាការគំរាមកំហែងអត្ថិភាពដ៏សំខាន់របស់អ៊ីស្រាអែល មិនមែនជាច្រករបៀង ហ្វីឡាឌែលហ្វៀ (Philadelpphia) ដែលស្ថិតនៅជាយភាគខាងត្បូងហ្កាហ្សា ជាប់ព្រំដែនអេហ្ស៊ីបនោះឡើយ។

នៅក្នុងសន្និសីទសារព័ត៌មានមួយដើម្បីឆ្លើយតបទៅនឹងការអត្ថាធិប្បាយកាលពីថ្ងៃចន្ទរបស់លោក Netanyahu ដែលប្រកាន់ខ្ជាប់នូវជំហររបស់ខ្លួនថាអ៊ីស្រាអែលត្រូវទុកកងទ័ពនៅច្រករបៀងនោះ លោក Gantz បាននិយាយថា ខណៈដែលច្រករបៀងមានសារៈសំខាន់ក្នុងការរារាំងក្រុមហាម៉ាស និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនពីការរត់ពន្ធអាវុធចូលទៅក្នុងហ្កាហ្សា ទាហាននឹងនៅតែមិនអាចទប់ស្កាត់បានទាំងស្រុង ហើយក៏នឹងមិនអាចបញ្ឈប់ផ្លូវរូងក្រោមដីផ្សេងទៀតបានដែរ។

បញ្ហានៃច្រករបៀង Philadelphia គឺជាចំណុចជាប់គាំងដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាបាននូវកិច្ចព្រមព្រៀងបញ្ឈប់ការប្រយុទ្ធនៅតំបន់ហ្កាហ្សា និងនាំយកចំណាប់ថ្នូរអ៊ីស្រាអែលដែលកាន់កាប់ដោយក្រុមហាម៉ាសមកវិញ។ មនុស្សប្រហែល ១០១នាក់ត្រូវគេជឿថានៅជាប់ឃុំខ្លួននៅតំបន់ហ្កាហ្សា៕