យោងតាមការរាយការណ៍របស់សារព័ត៌មាន USA Today បានឲ្យដឹងកាលពីថ្ងៃអង្គារថា គ្រូបង្រៀន និងបុគ្គលិកសិក្សារាប់ពាន់នាក់ នៅទូទាំងសហរដ្ឋអាមេរិកប្រឈមនឹងហានិភ័យនៃការបាត់បង់ការងាររបស់ពួកគេ ខណៈតំបន់នានាថ្លឹងថ្លែងពីបញ្ចប់ថវិការបស់ខ្លួន និងត្រៀមសម្រាប់ការខ្វះខាត ក្រោយថវិកាឧបត្ថមសម្រាប់ជំងឺ COVID-19 បានផុតកំណត់។

យោងតាមការវិភាគរបស់ក្រសួងអប់រំសហរដ្ឋអាមេរិក អំពីការចំណាយក្នុងតំបន់សម្រាប់ឆ្នាំសារពើពន្ធ ២០២២ បានឲ្យដឹងថា សាលារៀននៅទូទាំងប្រទេស បានប្រើប្រាស់មូលនិធិជំនួយសង្គ្រោះភាគច្រើនរបស់ពួកគេ ដើម្បីចំណាយសម្រាប់គ្រូបង្រៀន និងបុគ្គលិកសិក្សា។

របាយការណ៍បាននិយាយថា តំបន់នានានៅទូទាំងប្រទេស បច្ចុប្បន្ននេះកំពុងកាត់រំសាយគ្រូបង្រៀន ជំនួយការគ្រូបង្រៀន អ្នកផ្តល់ប្រឹក្សា អ្នកសម្របសម្រួល និងបុគ្គលិកសំខាន់ៗផ្សេងទៀតដែលត្រូវបានជួលកាលពីពេលថ្មីៗនៅតាមសាលារៀន បើមិនដូច្នេះទេ ពួកគេត្រូវព្យាយាមរកវិធីដើម្បីរក្សាអ្នកទាំងនោះ។
រដ្ឋបាលរបស់លោក Biden បានផ្តល់ជំនួយដល់សាលារៀនចំនួន ១៨៩,៥ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ តាមរយៈមូលនិធិជំនួយសង្គ្រោះបន្ទាន់របស់សាលារៀនថ្នាក់បឋមសិក្សា និងមធ្យមសិក្សា ក្រោមច្បាប់ផែនការជួយសង្គ្រោះរបស់សហរដ្ឋអាមេរិក។
មន្ត្រីសាលារៀន មានពេលរហូតដល់ដំណាច់ខែកញ្ញាដើម្បីទូទាត់ប្រាក់ដែលនៅសល់របស់ពួកគេ ហើយតំបន់នានា នឹងពុំអាចបើកប្រាក់តួនាទីបុគ្គលិកដែលមិនបានបង្រៀនដោយមូលនិធិជំនួយនោះ ទៀតឡើយ ក្រោយថ្ងៃទី ៣០ ខែកញ្ញា។