បាល់ទាត់៖ អតីតខ្សែប្រយុទ្ធក្រុមជំរើសជាតិអង់គ្លេស និង Tottenham Hotspur លោក Jimmy Greave បានទទួលមរណភាពហើយក្នុងវ័យ ៨១ឆ្នាំ។ លោក Jimmy Greave បានចាប់ផ្តើមអាជីពបាល់ទាត់ជាមួយ Chelsea មុនពេលចាកចេញទៅ AC Milan, Spurs និង West Ham។

លោកបានស៊ុតបញ្ចូលទី ៤៤គ្រាប់ក្នុងការបង្ហាញខ្លួន ៥៧លើកឱ្យក្រុមជំរើសជាតិអង់គ្លេស និងជាសមាជិករបស់អង់គ្លេសដែលឈ្នះជើងឯកពិភពលោក ជាលើកដំបូងនៅឆ្នាំ១៩៦៦។ លោក Jimmy Greave មានស្នាដៃជាច្រើននៅពេលលោកមានអាជីពជាកីឡាករ ដោយលោកធ្លាប់ស៊ុតបញ្ចូលទីដល់ទៅ ៤១គ្រាប់ក្នុងមួយរដូវកាលឱ្យ Chelsea ដែលចំនួននេះគឺច្រើនបំផុតក្នុងកំណត់ត្រារបស់ Chelsea មិនទាន់មានកីឡាករណាបំបែកបាន ហើយលោកក៏មានកំណត់ត្រាដូចគ្នានេះ ៣៧គ្រាប់ក្នុងមួយរដូវកាលនៅ Spurs ក៏មិនទាន់មាននរណាបំបែកបានដែរ។ លោកក៏ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅក្របខណ្ឌកំពូលអង់គ្លេស ដោយស៊ុតបញ្ចូលទីសរុប ៣៥៧គ្រាប់ ដែលក្នុងនោះមាន ២៦៦គ្រាប់ក្នុងការបង្ហាញខ្លួន ៣៧៩ប្រកួតជាមួយ Spurs។
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានផ្ញើរសារំលែកទុក្ខថា មរណៈភាពរបស់លោក Jimmy Greave បានបន្សល់ទុក្ខនូវស្នាដៃដែលមិនអាចបំភ្លេចបាន និងជាវីរបុរសបាល់ទាត់ម្នាក់ក្នុងប្រវត្តិសាស្ត្ររបស់អង់គ្លេស។ ខ្សែប្រយុទ្ធជួរមុខរបស់ Spurs, Harry Kane ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតទី២ របស់ Spurs បន្ទាប់ពីលោក Jimmy Greave នោះក៏បានផ្ញើរសារំលែកទុក្ខផងដែរ៕
អត្ថបទ៖នាង សុភាវុធ