ប្រទេសអេហ្ស៊ីបកាលពីថ្ងៃអង្គារ បានច្រានចោលការអះអាងរបស់អ៊ីស្រាអែលដែលថា ទឹកដីរបស់ខ្លួន ត្រូវបានប្រើប្រាស់ ដើម្បីរត់ពន្ធអាវុធចូលទៅក្នុងតំបន់ហ្កាហ្សាហ្សាស្ទ្រីប។

ក្រសួងការបរទេសអេហ្ស៊ីប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ប្រទេសអេហ្ស៊ីប បដិសេធទាំងស្រុងនូវសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដែលតាមរយៈការអះអាងនោះ លោកបានព្យាយាមទាញឈ្មោះរបស់ប្រទេសអេហ្ស៊ីប ទៅក្នុងជម្លោះ ដើម្បីបង្វែរការចាប់អារម្មណ៍របស់សាធារណជនអ៊ីស្រាអែល»។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា ការអះអាងរបស់លោក ណេតាន់យ៉ាហ៊ូ មានគោលបំណងបង្ហាញអំពីភាពត្រឹមត្រូវនៃគោលនយោបាយឈ្លានពាន និងបង្កហេតុរបស់រដ្ឋាភិបាលលោក រារាំងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្កាហ្សា និងការដោះដូរចំណាប់ថ្នូរ និងអ្នកឃុំឃាំង និងរារាំងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ដែលធ្វើឡើងដោយអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក។
សេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ថា ប្រទេសអេហ្ស៊ីប បានឲ្យរដ្ឋាភិបាលអ៊ីស្រាអែល ទទួលខុសត្រូវចំពោះផលវិបាកនៃការអះអាងបែបនេះ ដែលអាចធ្វើឲ្យស្ថានការណ៍ក្នុងតំបន់ កាន់តែធ្ងន់ធ្ងរឡើង។
ក្រសួងបានបន្ថែមថា អេហ្ស៊ីប នឹងបន្តដើរតួនាទីរបស់ខ្លួន ក្នុងការដឹកនាំដំណើរការសន្តិភាព នៅក្នុង តំបន់។