រដ្ឋាភិបាលយេម៉ែនកាលពីថ្ងៃអង្គារ បានថ្កោលទោសការវាយប្រហារថ្មីៗរបស់ក្រុមហ៊ួទីលើនាវាដឹកប្រេងនិងគីមី នៅសមុទ្រក្រហម ដោយពណ៌នា ពួកវាថា ជា«អំពើភេរវកម្មជាប្រព័ន្ធ» ដែលគំរាមកំហែងដល់ស្ថិរភាពបរិស្ថាន សេដ្ឋកិច្ច និងមនុស្សធម៌ នៅក្នុងតំបន់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយតាមរយៈទីភ្នាក់ងារសារព័ត៌មានរដ្ឋ Saba រដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់ប្រទេសយេម៉ែន លោក មំាម៉ា អាល់អ៊ីរីអានី ( Moammar al-Eryani) បានគូសបញ្ជាក់អំពីឧប្បត្តិហេតុចុងក្រោយ ដែលពាក់ព័ន្ធនឹងនាវា MV BLUE LAGOON I ជានាវាដែលមានទង់ជាតិប្រទេសប៉ាណាម៉ា ដែលប្រតិបត្តិការដោយក្រុមហ៊ុនក្រិក។ នាវានេះ ត្រូវបានគេរាយការណ៍ថា ត្រូវរងការវាយប្រហារដោយមីស៊ីលបាលីស្ទីកមួយគ្រាប់ និងយានដ្រូនមួយគ្រឿងដែលត្រូវសង្ស័យថា មាន«ប្រភពដើមពីប្រទេសអ៊ីរ៉ង់»។

លោក អាល់អ៊ីរីអានី បានកត់សម្គាល់ថា នេះ គឺជាការវាយប្រហារលើកទី១០ លើនាវាដឹកប្រេង និងគីមី ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣។ លោកបានរិះគន់ការវាយប្រហារនេះថា ជាទម្រង់នៃ«អំពើភេរវកម្មជាប្រព័ន្ធ» ជាមួយនឹងលទ្ធភាពបង្កផលវិបាកដ៏មហន្តរាយដល់បរិស្ថាន សេដ្ឋកិច្ច និងមនុស្សធម៌។
សេចក្តីថ្លែងការណ៍នេះ ធ្វើឡើង បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដែលកំពុងបន្ត ក្នុងការជួយសង្គ្រោះនាវាដឹកប្រេងដែលមានទង់ជាតិក្រិក MV Sounion ដែលត្រូវបានវាយប្រហារដោយកងកម្លាំងហ៊ួទី កាលពីថ្ងៃទី ២១ ខែសីហា។ នាវាដែលដឹកប្រេងឆៅមួយលានបារ៉ែលបច្ចុប្បន្ន កំពុងជាប់គាំងនៅក្នុងសមុទ្រក្រហម ដោយសារតែ ម៉ាស៊ីនរបស់វា មិនដំណើរការ ហើយនាវិកទាំងអស់ ត្រូវបានជម្លៀសចេញ។