កូរ៉េខាងជើង បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស សម្រាប់កុមារ និងស្ត្រីមានផ្ទៃពោះ ក្រោមជំនួយពីមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) រយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីពួកគេ បានខកខានមិនបានចាក់វ៉ាក់សាំងសំខាន់ៗ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។

អង្គការយូនីសេហ្វ បាននិយាយនៅក្នុងការចេញផ្សាយកាលពីថ្ងៃអង្គារថា យុទ្ធនាការនេះ មានគោលបំណងចាក់ថ្នាំបង្ការដល់កុមារជាង ៨០០.000នាក់ និងស្ត្រីមានផ្ទៃពោះ ១២០.000 នាក់ ជាមួយនឹងវ៉ាក់សាំងសង្គ្រោះជីវិត រួមទាំងថ្នាំបង្ការរោគខាន់ស្លាក់ កញ្ជ្រឹល ស្អូច និងជំងឺរលាកថ្លើម។
លោក រ៉ូឡែនដ៍ កាប់កា (Roland Kupka) តំណាងស្តីទីរបស់អង្គការយូនីសេហ្វប្រចាំប្រទេសនេះ បាននិយាយថា៖«យុទ្ធនាការនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការចាក់វ៉ាក់សាំងដល់កុមារគ្រប់រូប នៅកូរ៉េខាងជើង និងការពារពួកគេពីជំងឺទូទៅ»។
យោងតាមអង្គការយូនីសេហ្វ ជំងឺរាតត្បាតកូវីដ-១៩ បណ្តាលឲ្យមានការថយចុះយ៉ាងខ្លាំងនៃអត្រាចាក់ថ្នាំបង្ការ នៅក្នុងប្រទេសរបបឯកោនេះ។
អត្រាដែលលើសពី ៩៦ភាគរយ មុនពេលមានជំងឺរាតត្បាត បានធ្លាក់ចុះមកក្រោម ៤២ភាគរយ នៅពាក់ កណ្តាលឆ្នាំ ២០២១ ដោយបានទុកឲ្យកុមាររាប់មិនអស់ ប្រឈមនឹងជំងឺដ៏សាហាវមួយចំនួន។
អង្គការយូនីសេហ្វ បាននិយាយថា កាលពីខែកក្កដា វ៉ាក់សាំងសំខាន់ៗជាង ៤លានដូស ត្រូវបានបញ្ជូនទៅឲ្យប្រទេសកូរ៉េខាងជើង ដើម្បីចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងនេះ។